(បន្ទាយមានជ័យ)៖ បន្ទាប់ពីជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅកងពលអន្តរាគមន៍លេខ២ ទិសទី៣ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោករដ្ឋមន្រ្តី បានលើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលតាមរយៈនេះ ប្អូនៗមន្ត្រីកសិកម្មឃុំចំនួន ១ ២៥០នាក់ ត្រូវបានជ្រើសរើស និងកំពុងបំពេញការងារ ខណៈដែលចំនួន៣៥០នាក់ទៀត កំពុងត្រៀមជ្រើសរើសបន្ថែម ដើម្បីដាក់ពង្រាយនៅទូទាំងប្រទស និងដើម្បីជួយគាំទ្របច្ចេកទេស ផលិតកម្ម និងទីផ្សារជូនបងប្អូនកសិករ។
ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីកសិកម្មឃុំ លោករដ្ឋមន្ត្រីបានណែនាំឱ្យប្អូនៗ ធ្វើការវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់ និងស្នើសុំការគាំទ្របន្ថែមពីអ្នកជំនាញក្រសួងក្នុងករណីចាំបាច់ តាមប្រព័ន្ធ Hotline លេខ១២៨៩ មុននឹងផ្តល់ការឆ្លើយតប ឬដំណោះស្រាយទៅប្រជាកសិករវិញ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការឆ្លើយតប ក៏ដូចជាជំនឿទុកចិត្តរបស់កសិករមកលើប្អូនៗ។
លោកបានបន្ថែមថា ការងារសំខាន់មួយទៀតរបស់ប្អូនៗ គឺត្រូវព្យាយាមពន្យល់ប្រជាកសិករ ឱ្យមានការគិតវិជ្ជមានចំពោះវិស័យកសិកម្ម ផ្អែកលើទស្សនាទាន «មានហូប មានប្រើ មានបាន និងមានរហូត», ជួយវិភាគសេដ្ឋកិច្ច និងគណនាថ្លៃដើមផលិតដល់កសិករ និងលើកទឹកចិត្តកសិករ ឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីក្រសួងអាចផ្តល់ការគាំទ្រ បានកាន់តែច្រើនថែមទៀត ខណៈដែលក្រសួងនឹងបន្តខិតខំអនុវត្តយន្តការរក្សាលំនឹងតម្លៃកសិផលសំខាន់ៗ ក្នុងតម្លៃសមរម្យជូនកសិករ៕