(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា លីម ហ៊ួរនីតូ និងលោក Li Zhen សហប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន ព្រមទាំង KOLs ល្បីៗរបស់ប្រទេសកម្ពុជា និងប្រទេសចិន ចំនួន ១៦រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
ថ្លែងក្នុងជំនួបពិភាក្សាបានស្តីពី កិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំមុននឹងក្រុម KOLs កម្ពុជា ចិន ទៅចូលរួមកម្មវិធី Z Generation Lancang- Mekong Short Video XIU Event ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនចិននៅខេត្តយូណាន និងពិភពលោកទាំងមូល។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមាគម ដែលបានចូលរួមចំណែកផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌កម្ពុជា ជាពិសេសក្នុងរដូវកាលបៃតងទៅដល់ប្រជាជនចិន និងពិភពលោកទាំងមូល។
ជាមួយគ្នានេះ លោក ហួត ហាក់ បានថ្លែងអំណរគុណ KOLs និង Influencers កម្ពុជា ចិន ដែលបានជួយ និងបន្តជួយផ្សព្វផ្សាយពីព័ត៌មានពិតរបស់ប្រទេសកម្ពុជា និងជួយលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ តាមរយៈការផលិតមាតិការូបភាព និងវីដេអូល្អៗ។
ជាពិសេស ការចូលរួមសហការផ្សព្វផ្សាយពីកម្ពុជា ជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ និងការកម្សាន្តដ៏សំបូរបែប ម្ហូបអាហារដ៏មានឱជារស ដែលជំរុញទេសចរអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ជាលទ្ធផល ភាគីទាំងពីរបានយល់ព្រម ក្នុងការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងឌីជីថល នាពេលខាងមុខ។ លោក ហួត ហាក់ បានគាំទ្រលើ គម្រោងនៃការរៀបចំព្រឹត្តិការណ៍ KOLs កម្ពុជា ចិន របស់សមាគម ដែលគ្រោងនឹងធ្វើឡើង អំឡុងខែកញ្ញា-តុលា ឆ្នាំ២០២៥ ស្របតាមឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥៕