(ភ្នំពេញ)៖ ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈម ១៤ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត» នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល រៀបចំកម្មវិធីបរិច្ចាគឈាម នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ពិធីខាងលើនេះមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រសួងសុខាភិបាល, លោកស្រី Akiko Sasaki ប្រធានអង្គការ side by side និងជាអ្នកជំនាញ CPR and AED ក្រុមហ៊ុន Focus for Solution, ទីប្រឹក្សា ប្រធានក្លឹបយុវជន សាស្ដ្រាចារ្យ សិស្សនិស្សិត យុវជនកាកបាទក្រហមកម្ពុជានៃសាកលវិទ្យាល័យចំនួន២៥ នៅរាជធានីភ្នំពេញ ក្នុងនោះក៏មានព្រះសង្ឃ និងមហាជននានា សរុបប្រមាណ ៥០០នាក់។
មានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធី លោកស្រី ពុំ ចន្ទីនី បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកទាំងទ្វេរតែងតែយកព្រះទ័យ យកចិត្តទុកដាក់ចំពោះ កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដោយជំរុញ និងបណ្ដុះនូវឆន្ទៈ ផ្នត់គំនិត បំពេញការងារស្ម័គ្រចិត្តដោយមិនគិតប្រយោជន៍តបស្នងវិញ ស្របតាមគោលការណ៍គ្រឹះទាំង ៧របស់ចលនាអន្ដរជាតិ និងអនុវត្តតាមយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាព ចំនួន៤ ក្នុងនោះវិស័យអាទិភាពទី២ គឺសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ដោយគោលដៅគឺរួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ,ការពារ និងលុបបំបាត់ជំងឺឆ្លង មិនឆ្លង, អន្ដរាគមន៍សុខភាពគ្រាអាសន្ន, សុខភាពមនុស្សចាស់ សង្គ្រោះបឋម និងលើកកម្ពស់សុខភាពបឋម។
លោកស្រីបានថ្លែងបន្ដថា «ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមនាពេលព្រឹកនេះ មិនត្រឹមតែផ្តល់ការលើកទឹកចិត្ត ដល់អ្នកបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំក្នុងការជួយសង្គ្រោះជីវិត និងការលើកកម្ពស់ការយល់ដឹងវិជ្ជាសង្រ្គោះបឋម សហគមន៍មានសុខភាពល្អ និងការប្រែប្រួលអាកាសធាតុ»។
លោកស្រីបានឱ្យទៀតថា «កាកបាទក្រហមកម្ពុជា តែងតែរៀបចំពិធីការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ដជារៀងរាល់ ២ម្ដងក្នុងមួយឆ្នាំ សម្រាប់នៅឆ្នាំនេះនិងត្រូវជាលើកទី១ ឃើញថាមានសន្ទុះកើនឡើងនៃការអ្នកស្ម័គ្រចិត្ដបរិច្ចាគឈាម រហូតដល់ទៅប្រមាណ ៣៥០នាក់ ខណៈកាលពីឆ្នាំ២០២៤កន្លងទៅ អ្នកស្ម័គ្រចិត្ដបរិច្ចាគឈាមទាំងពីរលើកមានចំនួនត្រឹមតែ ២៥២នាក់ប៉ុណ្ណោះ»។ នេះជាការបង្ហាញថា មហាជនយើងទូទៅមានការយល់ដឹងកាន់តែច្រើន ពីសារៈប្រយោជន៍នៃការផ្ដល់ឈាម និងទឹកចិត្ដចេះជួយគ្នាទៅវិញទៅវិញ ពិសេសការផ្ដល់ឈាមនេះ គឺជាគុណតម្លៃដែលមិនអាចកាត់ថ្លៃ ព្រោះការផ្ដល់ឈាមនេះ គឺជាផ្ដល់ជីវិតដល់អ្នកដែលត្រូវការឈាមជាចាំបាច់ដើម្បីរស់រានមានជីវិតបន្ដទៀត។
ក្នុងឱកាសនោះលោកស្រីបានថ្លែងអរគុណ និងអំណរព្រះគុណចំពោះទឹកចិត្ដដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត មន្ដ្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ព្រះព្រះសង្ឃផងដែរ ដែលបានចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ ដែលមានចំនួនច្រើន តែក្នុងនោះដោយសារមានយុវជនយើងខ្លះមិនត្រូវតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល ដោយមិនទាន់គ្រប់ចំនួនថ្ងៃអាចបរិច្ចាគឈាមបាន និងខ្លះទៀតមានបញ្ហាសុខភាពបន្ដិចបន្ដួច ដូច្នេះជាលទ្ធផលអ្នកស្ម័គ្រចិត្ដបរិច្ចាគឈាមនាថ្ងៃនេះ មានចំនួន ១៨៩នាក់ ត្រូវនឹង១៨៩សាក់ សម្រាប់ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋយើង ដែលត្រូវការឈាមជាចាំបាច់ ពិសេសអ្នកជំងឺនៅតាមមន្ទីរពេទ្យ ស្ដ្រីមានផ្ទៃពោះជាដើម។
ជាមួយគ្នានេះ ព្រះសង្ឃ ក៏ដូចជាសិស្សនិស្សិតដែលបានចូលរួមបរិច្ចាគ បានថ្លែងសម្ដែងនូវការសប្បាយចិត្ដ និងសូមថ្លែងអំណរគុណដល់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានរៀបចំកម្មវិធីផ្ដល់ឈាមនេះឡើង ដើម្បីផ្ដល់ឱ្យមហាជនយើង មានឱកាសចូលរួមចំណែកក្នុងការងារមនុស្សធម៌នេះ ពិសេសការជួយសង្គ្រោះជីវិតមនុស្ស តាមរយៈការផ្ដល់ឈាមនេះ។
ត្បិតណាស់ថាក្រោមការខិតខំប្រឹងប្រែងក្រៀរគររបស់កាកបាទក្រហមកម្ពុជា ឱ្យមានអ្នកចូលរួមបរិច្ចាគឈាមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ន្ដែចំនួននេះ មិនទាន់មានការឆ្លើយតបទៅនឹងតម្រូវនោះទេ ដោយក្នុងឆ្នាំ២០២៤កន្លងមក គឺត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ ហើយតម្រូវការឈាមប្រចាំថ្ងៃជាមធ្យម ៣៥០ប្លោកនៅ រាជធានីភ្នំពេញ, សម្រាប់តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៧៩,៣៣២ប្លោក ក្នុងនោះមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេសតែប៉ុណ្ណោះ។
ការទទួលអំណោយឈាម តាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២២.១% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ជាលទ្ធផលមួយមិនទាន់ល្អប្រសើរនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាលកម្ពុជា។
ដូច្នេះក្នុងឱកាសនេះ លោកក៏អំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋយើង ចូលរួមផ្ដល់ឈាមដោយស្ម័គ្រចិត្ដ ដោយការផ្ដល់ឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ តែថែមទាំងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជាដឹងពីស្ថានភាព និងសុខភាពរបស់ខ្លួន ពិសេសជួយកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លងៗច្រើនទៀត៕