(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានសម្រេចចិត្តលុបចោលគម្រោងទស្សនកិច្ច ទៅកាន់ប្រទេសបែលហ្ស៉ិក ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ស្របពេលដែលលោកស្រី កំពុងព្យាយាមផ្តោតគ្រប់គ្រងស្ថានការណ៍នយោបាយក្នុងស្រុក បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។
ប្រភពពីវិមានរដ្ឋាភិបាលថៃ បានបង្ហើបឱ្យដឹងថា ដោយសារតែបរិយាកាសនយោបាយបច្ចុប្បន្ននៅក្នុងប្រទេស លោកស្រីនាយករដ្ឋមន្រ្តី បានសម្រេចកែសម្រួលកាលវិភាគរបស់លោកស្រី សម្រាប់សប្តាហ៍ចុងក្រោយនៃខែមិថុនានេះ។
គួរបញ្ជាក់ថា លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយលោកស្រីត្រូវគេចោទថា ប្រកាន់ជំហរទន់ជ្រាយអំឡុងកិច្ចសន្ទនានោះ ហើយលោកស្រី ថែមទាំងបានរិះគន់មេបញ្ជាការយោធាភូមិភាគ២ លោកឧត្តមសេនីយ៍ Boonsin Padklang និងហៅលោកថាជាក្រុមប្រឆាំង។ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី ក៏កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ៕