(ព្រះវិហារ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ទី៣ ទី៤ ទី៥ អមដំណើរដោយលោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បាននាំយកបច្ច័យចំនួន២០លានរៀល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ចូលរួមរំលែកមរណទុក្ខចំពោះមរណភាពកូនប្រុសរបស់លោកអនុសេនីយ៍ត្រី សេង វុត្ថា នាយរងប៉ុស្ត៍ប្រាសាទនាគបួស ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលបានទទួលមរណភាពដោយរោគាពាធ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

សូមជម្រាបថា កូនប្រុសរបស់លោកអនុសេនីយ៍ត្រី សេង វុត្ថា បានទទួលមរណភាពដោយរោគាពាធ ស្របពេលដែលលោកអនុសេនីយ៍ត្រី សេង វុត្ថា កំពុងបំពេញការងារការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ក្រៅពីបច្ច័យចំនួន២០លានរៀល ក៏មានគ្រឿងឧបភោគ បរិភោគដូចជា មី៥កេសធំ, ត្រីខ៥កេស និងអង្ករ៥បាវផងដែរ៕