(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្ដ្រីបុគ្គលិក និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក បន្ថែមថ្មីមួយទៀតទៅនឹងមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកដែលមាននៅកម្ពុជា ត្រូវបន្ដពង្រឹង និងពង្រីកសមត្ថភាពជាបន្ដបន្ទាប់ ដើម្បីឈានទៅការបម្រើសេវាគ្រប់ជ្រុងជ្រោយ និងឈរលើប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ។
ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យ ហ្លួង ម៉ែ និងសួរសុខទុក្ខអ្នកជំងឺដែលមកទទួលសេវា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញនូវការកោតសរសើរចំពោះវឌ្ឍនភាពរបស់មន្ទីរពេទ្យ លើការរៀបចំចក្ខុវិស័យ និងផែនការបានច្បាស់លាស់ ទាំងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្ដ្រីក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរពេទ្យ នូវអនុសាសន៍គន្លឹះ មួយចំនួន ដើម្បីក្លាយជាមន្ទីរពេទ្យគ្រប់ជ្រុងជ្រោយ ដែលមានសុវត្ថិភាព និងគុណភាព បម្រើសេវាជូនអ្នកជំងឺប្រកបដោយសមធម៌ ចំនួន ៧ចំណុច រួមមាន៖
១៖ ពិនិត្យ និងសិក្សាលើអត្រាជំងឺមហារីក ដែលនៅមានកំណើនខ្ពស់ ដើម្បីជំនួយដល់ការធ្វើរោគវិនិច្ឆ័យឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព។ បង្កើនវិធីសាស្ត្រព្យាបាលឱ្យបានគ្រប់ជ្រុងជ្រោយ និងរក្សាទំនាក់ទំនងរវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ លើប្រព័ន្ធនៃការបញ្ជូនអ្នកជំងឺ។
២៖ បន្តពង្រឹងការផ្តល់សេវាជូនអ្នកជំងឺ ប្រកបដោយការយកចិត្តទុកដាក់ និងមានក្រមសីលធម៌ ធ្វើយ៉ាងណាមិនឱ្យមានការគិតថ្លៃសេវាបន្ថែម លើសពីការកំណត់នោះទេ។
៣៖ បង្កើនវិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកពហុជំនាញ មានដូចជា វះកាត់ បាញ់កាំរស្មី ការចាក់ថ្នាំគីមី ជាដើម ដោយត្រូវសហការគ្នា ជាមួយមន្ទីរពេទ្យផ្សេងៗទៀត ឱ្យបានរឹងមាំ។
៤៖ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់បុគ្គលិក និងថ្នាក់ដឹកនាំផ្នែកជាប្រចាំ ដោយអ្នកចាស់បង្រៀនអ្នកថ្មី និងសហការយកអ្នកឯកទេសពីបរទេសមកបង្ហាត់បង្ហាញ។ ជាមួយគ្នានេះ ត្រូវរក្សាធនធានដែលបានបណ្តុះបណ្តាលរួច ឱ្យនៅបន្តបម្រើអង្គភាពជាចាំបាច់។
៥៖ ការចូលរួមចែករំលែកព័ត៌មានសុខាភិបាលរួមគ្នា ដើម្បីការបណ្តុះបណ្តាល ការចងក្រងព័ត៌មាន និងការធ្វើផែនការជាតិជាមួយគ្នា និងការគាំពារសង្គម។
៦៖ ត្រូវរក្សាឱ្យបាននូវសុវត្តិភាព តាមរយៈការការពារសារធាតុវិទ្យុសកម្ម ដែលប្រើប្រាស់ថាមពលសម្រាប់ការព្យាបាលជំងឺមហារីក។
៧៖ ត្រូវធ្វើទំនើបកម្មឧបករណ៍ សម្ភារៈបរិក្ខារពេទ្យ ទំនើប ទាន់សម័យ សម្រាប់ការប្រើប្រាស់លើការព្យាបាល និងត្រូវគិតឱ្យបានល្អិតល្អន់ផងដែរ ពីការថែទាំ និងជួសជុល។
ជាមួយគ្នានោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវប្រុងប្រយត្នអំពីការងារដែលបំពេញមិនទាន់គ្រប់ជ្រុងជ្រោយ ឬខ្វះសុវត្ថិភាព, ត្រូវរៀបចំឱ្យមានក្បួនខ្នាត ឬនីតិវិធីស្តង់ដារ ដើម្បីអនុវត្ត, ការប្រើប្រាស់ឱសថឱ្យស្របតាមនីតិវិធីស្តង់ដា និងសម្របសម្រួលជាមួយមន្ទីរពេទ្យផ្សេងទៀត ដើម្បីរៀបចំផែនការជាតិជំងឺមហារីក។
មន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដែលត្រូវបានបង្កើតឡើងតាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តការគាំទ្រអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាពីសំណាក់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមន្ទីរពេទ្យនេះ បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ក្នុងដំណាក់កាលដំបូង និងបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយមន្ទីរពេទ្យគ្រោងនឹងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅចុងឆ្នាំ២០២៥ ខាងមុខនេះ៕