(បាងកក)៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាពនយោបាយនៅក្នុងប្រទេស ដោយព្រមានថា វិបត្តិនេះអាចធ្វើឲ្យទស្សនវិស័យសេដ្ឋកិច្ចរបស់ថៃកាន់តែចុះខ្សោយបន្ថែមទៀត នៅពាក់កណ្តាលចុងក្រោយនៃឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីមានការបែកធ្លាយឃ្លីបសំឡេងនៃការសន្ទនារវាងនាយករដ្ឋមន្ត្រី លោកស្រី ផែទងធាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាហេតុការណ៍មួយបានធ្វើឲ្យរង្គោះរង្គើទំនុកចិត្តសាធារណៈ និងបង្កើនភាពតានតឹងផ្នែកនយោបាយ។ ស្ថានការណ៍បានកើនឡើងបន្ថែមទៀត បន្ទាប់ពីគណបក្ស Bhumjaithai បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ដោយលើកឡើងថា ការសន្ទនាតាមទូរស័ព្ទនោះបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ថៃ។
លោក Kriengkrai Thiennukul ប្រធាន FTI បានប្រាប់កាសែត Thansettakij ថា ហេតុការណ៍នេះតំណាងឲ្យ «ហានិភ័យក្នុងស្រុកថ្មីមួយ» សម្រាប់សេដ្ឋកិច្ចថៃ ដែលបន្ថែមទៅលើសម្ពាធដែលមានស្រាប់ ដូចជាជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ និងភាពតានតឹងនៅតាមព្រំដែនថៃ-កម្ពុជា។
បន្ថែមពីលើភាពមិនច្បាស់លាស់នេះ គឺការខ្វះភាពច្បាស់លាស់លើលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាមេរិក ជាពិសេសទាក់ទងនឹងពន្ធគយ។ លោក Kriengkrai បានព្រមានថា ប្រសិនបើលក្ខខណ្ឌចុងក្រោយមិនអំណោយផលដល់ប្រទេសថៃ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញ និងទាញសេដ្ឋកិច្ចឲ្យធ្លាក់ចុះបន្ថែមទៀតនៅឆមាសទីពីរនៃឆ្នាំនេះ។
គួរបញ្ជាក់ថា ការរួមបញ្ចូលគ្នារវាងវិបត្តិនយោបាយក្នុងស្រុក និងសម្ពាធសេដ្ឋកិច្ចពីខាងក្រៅ កំពុងបង្កើតជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាលថៃ និងស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល៕