(ព្រះវិហារ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញ និងយាង និមន្ត ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ដែលជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ ១ ៣១០ គ្រួសារ ដែលមកពីព្រំដែន ស្នាក់នៅក្នុងមណ្ឌលវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលេនត្បូង ឃុំគូលេនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ។
ពិធីនេះមានការយាង និមន្តចូលរួមដោយសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ តាមព្រះឋានានុក្រម ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកប្រធានមន្ទីរធម្មការ និងសាសនា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង បានមានព្រះរាជបន្ទូលជូនប្រជាពលរដ្ឋនៅទីនោះថា សូមពុទ្ធបរិស័ទជឿទុកចិត្តរាជរដ្ឋាភិបាល, សូមមានភាពនឹងន កុំតក់ស្លុតភិតភ័យ, សូមថែទាំសុខភាព ហូបស្អាត ផឹកស្អាត និងមានអនាម័យ និងសូមព្រះចៅអធិការ យកចិត្តទុកដាក់ និងជួយសម្របសម្រួលពុទ្ធបរិស័ទដោយព្រះទ័យយកចិត្តទុកដាក់ខ្ពស់។
ក្នុងឱកាសនោះផងដែរ លោក ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខសេចក្តីនឹករលឹក និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាជនយើង ដែលរស់នៅតាមបណ្តាយព្រំដែន។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមិនចង់បានទឹកដីប្រទេសជិតខាតសូម្បីមួយមីលីម៉ែត្រ តែកម្ពុជាដាច់ខាតការពារដែនដីមិនឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រផងដែរ និងបង្ហាញពីគោលជំហរដ៏រឹងមាំរបស់ សម្តេចមហាបវរធិបតី ក្នុងការដាក់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) យកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មានទិសដៅច្បាស់លាស់ ផ្អែកលើផ្លូវច្បាប់អន្តរជាតិ និងក្នុងតំបន់ ក្នុងការការពារអធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូរជាតិ ហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការនាំយកបញ្ហាដែនដី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ។
លោករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ដូចជាការហូបស្អាត ផឹកស្អាត ពិសេសសម្រាកក្នុងមុងឲ្យបានត្រឹមត្រូវជៀសវាងជំងឺគ្រុនឈាមដែលបណ្តាលមកពីមូសខាំ និងជំងឺដង្កាត់ផ្សេងៗទៀតដែលកើតចេញពីការមិនរក្សាអនាម័យជាប់ជាប្រចាំ។
សូមជម្រាបជូនថា ព្រះរាជអំណោយសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ចែកជូនបងប្អូនប្រជាពុទ្ធបរិស័ទប្រមាណជាង ១ ៣១០ គ្រួសារ នៅក្នុងមណ្ឌលវិបស្សនាធុរៈវត្តពោធិ៍៥០០០ដើម ស្ថិតនៅឃុំគូលេនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ រួមមាន គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា និងបានប្រគេនអង្ករ និងបច្ច័យ ដល់ព្រះចៅអធិការវត្តពោធិ៥០០០ដើម និងវត្តកែវសិក្ខាគិរីស្វារៈដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត ផងដែរ៕