(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ បានលាតត្រដាងអំពីភាពក្រឡេចក្រឡុចរបស់ក្រុមយោធាថៃ ក្នុងវិវាទព្រំដែនជាមួយកម្ពុជា។ លោកលើកឡើងថា ពាក់ព័ន្ធនឹងការផ្ទុះអាវុធ កាលពីថ្ងៃទី២៨ ខែឧសភា ភាគីថៃមិនត្រឹមតែមិនសម្តែងការសោកស្តាយលើការស្លាប់របស់យុទ្ធជនកម្ពុជានៅតំបន់មុំបីទេ បែរជាចោទកម្ពុជាបាញ់មុនទៅវិញ។
រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៤៨ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៥) នេះ។
បើតាម លោកឧបនាយករដ្ឋមន្រ្តី ភាពតានតឹងនៅព្រំដែនតំបន់មុំបី បានឡើងកម្តៅនៅពេលដែលសាលារួមចិត្ត នៅតំបន់នេះ ត្រូវបានឆេះ ដែលភាគីថៃ បានចោទកម្ពុជាថាជាអ្នកដុត។ ប៉ុន្តែមើលឃើញថា បញ្ហានេះ គឺបណ្តាលមកពីភ្លើងឆេះព្រៃ។ កន្លងមកថៃតែងចោទថា សាលារួមចិត្តនេះនៅក្នុងទឹកដីរបស់ថៃ។
លោកបានបញ្ជាក់ដូច្នេះថា៖ «យើងបន្តចរចារឿងនេះ ប៉ុន្តែជាអកុសលនៅថ្ងៃទី២៨ ខែឧសភា គឺយើងមានការប៉ះទង្គិចគ្នាធ្វើឱ្យទាហានរបស់យើងបាត់បង់ជីវិតអស់ម្នាក់ មិនត្រឹមតែថៃមិនសម្តែងការសោកស្តាយមកលើកម្ពុជាទេ បែជាចេញសារព័ត៌មានថា កម្ពុជាជាអ្នកផ្ទុះអាវុធមុន»។
លោកឧបនាយករដ្ឋមន្រ្តី បានច្រានចោលចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាផ្ទុះអាវុធមុន។ លោកថា ទាហានកម្ពុជាបើសិនជាច្បាំង គឺត្រូវតែពាក់ឯកសណ្ឋានត្រឹមត្រូវ ប៉ុន្តែសាកសពទាហានដែលបានពលី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នោះ គឺមិនទាំងស្លៀកពាក់ផង។ លោកបញ្ជាក់ដូច្នេះថា «ទាហានរបស់ខ្ញុំស្លាប់ ក្នុងរូបភាពមួយមិនទាន់ទាំងស្លៀកពាក់ផង ហើយបែរជាចោទថា កម្ពុជាបាញ់មុន»។
ក្រោយកើតហេតុនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានទាក់ទងទៅរដ្ឋមន្រ្តីការពារជាតិថៃ ហើយរដ្ឋមន្រ្តីការពារជាតិថៃ បានសម្តែងការសោកស្តាយ ដែលមានរឿងបែបនេះកើតឡើង។ ថ្ងៃទី២៩ មេទ័ពជើងគោកកម្ពុជា-ថៃ ក៏ជួបគ្នា។
លោកបន្តទៀតថា «សង្គ្រាម គឺការប៉ះទង្គិចគ្នារវាងកងទ័ព និងកងទ័ព ប៉ុន្តែសង្គ្រាមមួយទៀត គឺសង្គ្រាមសារព័ត៌មាន បន្ទាប់ពីមានការជជែកគ្នារវាងមេទ័ពជើងគោកប្រទេសទាំងពីរ ចេញមកយើងដាក់សេចក្តីថ្លែងការណ៍។ ខាងថៃគេដាក់៣ចំណុច ឯកម្ពុជាដាក់៤ចំណុច សួរថាហេតុអ្វី? គេថាកម្ពុជាក្រឡេចក្រឡុច ឯកភាពគ្នា៣ចំណុច ប៉ុន្តែចេញសេចក្តីថ្លែងការណ៍៤ចំណុច»។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ក្នុងកិច្ចប្រជុំពិតជាបានឯកភាពគ្នា៣ចំណុចមែន ប៉ុន្តែកម្ពុជាក៏បានបញ្ជាក់ដែរថា គឺយើងមិនអាចដកកងទ័ពចេញពីតំបន់ជម្លោះនៅមុំបីនេះបានឡើយ តែសេចក្តីថ្លែងការណ៍របស់ភាគីថៃ គឺមិនបានលើកឡើងនៅចំណុចនេះទេ ហេតុដូច្នេះហើយបានជាកម្ពុជាចេញនៅចំណុចទី៤ គឺកម្ពុជាមិនដកកងទ័ពចេញពីចំណុចនេះទេ គឺជាបូរណភាពទឹកដីរបស់កម្ពុជា»។
លោកបានបន្ថែមទៀតថា បន្ទាប់មកទៀតមានកិច្ចប្រជុំចង្អៀត នៅខេត្តស្រះកែវ រវាងរដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពី។ អ្វីដែលភាគីថៃស្នើ គឺគេស្នើឱ្យកម្ពុជាកែសម្រួលកងទ័ព ដោយដកថយបន្តិច ដើម្បីកុំឱ្យប៉ះទង្គិចគ្នា ហើយពេលនោះគឺ លោកបានបដិសេធតែម្តង។ បន្ទាប់មករដ្ឋមន្រ្តីការពារជាតិថៃ ក៏បានស្នើឱ្យរដ្ឋមន្រ្តីការពារជាតិកម្ពុជា រាយការណ៍ជូន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែចេញពីប្រជុំមិនទាន់ដល់កម្ពុជាផង កាសែតថៃបានផ្សាយថា កម្ពុជាយល់ព្រមដកទ័ព។ បញ្ហានេះទើបជំរុញឱ្យកម្ពុជាចេញសេចក្តីថ្លែងការណ៍ត្រឡប់ទៅវិញ។
លោកបានបញ្ជាក់ថា ដោយសារសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជាបែបនេះហើយ ដែលធ្វើឱ្យថៃប្រកាសបិទព្រំដែនដោយឯកតោភាគី និងមានការចល័តកងទ័ពប្រទេសទាំងពីរទៅព្រំដែន៕