(ភ្នំពេញ)៖ លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានគណៈកម្មាធិការជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបិទ «វគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគី កម្ពុជា-ជប៉ុន និងអង្គការសហប្រជាជាតិ (UNTPP-2025) លើជំនាញគ្រឿងចក្រវិស្វកម្មធុនធ្ងន់កម្រិតមូលដ្ឋាន (HEE) និងការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ (EHAT)» នៅមជ្ឈមណ្ឌលជាតិ រាជធានីភ្នំពេញ។

ពិធីបិទវគ្គនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា
លោក David Verbiwski មន្ត្រីរបស់ស្ថានទូតកាណាដាប្រចាំកម្ពុជា តំណាងរដ្ឋាភិបាលកាណាដា ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ លោកវរសេនីយ៍ឯក INADA Tatsunari មេបញ្ជាការក្រុមវិស្វកម្មទី ៧ របស់កងទ័ពស្វ័យការពារជប៉ុន តំណាងរដ្ឋាភិបាលជប៉ុន លោក លោកស្រី ព្រមទាំង នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។

ក្នុងឱកាសនោះដែរ លោក កាន់ ផារិទ្ធ ក៏សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ យោធាចារ្យ-សិក្ខាកាមអន្តរជាតិ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។ ស្របតាមសេចក្តីអញ្ជើញរបស់មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមនៃក្រសួងការពារជាតិ និងដោយមានកិច្ចសហការភាគីចម្រុះអង្គការសហប្រជាជាតិ-កូរ៉េខាងត្បូង-ជប៉ុន និងអូស្ត្រាលី។

លោក កាន់ ផារិទ្ធ ក៏សូមពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខក្តីនឹករឭក និងកិច្ចស្វាគមន៍ពី សំណាក់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ជូនចំពោះយោធាចារ្យ និងសិក្ខាកាម ដែលបានស្នាក់នៅកម្ពុជាអស់រយៈពេល ២ខែកន្លងមក និងជាពិសេស លោកឧបនាយករដ្ឋមន្ត្រីទាំង២ តែងសួរនាំពីកិច្ចការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់យើង ដែលស្ថិតក្នុងអាទិភាពការងារនៃរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាផងដែរ។

បន្ថែមពីនេះ លោក Joseph Scheuer បានបន្ដថា មុននឹងបញ្ចប់ ខ្ញុំសូមរំលឹកដល់ដៃគូសហការទាំងអស់ថា ចំណេះដឹង ជំនាញ និងបទពិសោធន៍រួមគ្នារបស់យើង អាចជួយលើកកម្ពស់នូវសមត្ថភាពក្នុងការបំពេញតួនាទីនៅក្នុងបេសកកម្ម ដែលនឹងនាំមកនូវសន្តិភាព និថ ស្ថេរភាពដល់ប្រទេសដែលជាម្ចាស់ផ្ទះនៃបេសកកម្មរក្សាសន្តិភាពរបស់យើង។

លោក Joseph Scheuer សូមអំពាវនាវឲ្យអ្នកបន្តរៀនសូត្រ ចែករំលែកចំណេះដឹង បង្កើត និងបន្តមិត្តភាព អំឡុងពេលសិក្សវគ្គនេះ។ ម្យ៉ាងវិញទៀត សូមគោរពសុចរិតធម៌ក្នុងបេសកកម្មខាងមុខ ដោយ សកម្មភាពរបស់អ្នកនឹងឆ្លុះបញ្ចាំងមិនត្រឹមតែរូបអ្នកទេ តែនឹងរួមប្រទេសរបស់អ្នកផងដែរ។កម្មវិធីភាពជាដៃគូត្រីភាគី សង្ឃឹមថានឹងបានឮដំណឹងអំពីសមិទ្ធផល និងការចេញបំពេញបេសកកម្មរបស់អ្នក ក្នុងពេលអនាគត។ យើងជឿជាក់ថា ការរួមចំណែករបស់អ្នកនឹងជួយអភិវឌ្ឍន៍ប្រសិទ្ធភាពផ្នែកបច្ចេកទេសនិង ភាពជោគជ័យនៃបេសកកម្មរក្សាសន្តិភាព។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត បានបញ្ជាក់ថា បានវគ្គហ្វឹកហ្វឺនកម្មវិធីគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ហៅកាត់ថា UN-TPP នេះ បានចាប់ផ្តើមជាផ្លូវការនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយបែងចែកជា២វគ្គធំៗរួមមាន វគ្គការបណ្តុះបណ្តាលការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ (EHAT) ដោយផ្តល់ការហ្វឹកហ្វឺនលើជំនាញ ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ ពីសំណាក់យោធាចារ្យ ៨នាក់ មកពីអូស្ត្រាលី ៣នាក់ កូរ៉េ៤នាក់ និងមន្ត្រី UNMAS ១នាក់ (ដែលវគ្គនេះ បានបញ្ចប់ និងបានធ្វើពិធីបិទវគ្គរួចរាល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥) ចំណែកវគ្គជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់កម្រិតមូលដ្ឋាន (HEE) ផ្តល់ការហ្វឹកហ្វឺនលើជំនាញ ការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់កម្រិតមូលដ្ឋានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ពីសំណាក់យោធាចារ្យមកពីប្រទេសជប៉ុន ចំនួន ២៤នាក់ ព្រមទាំងមានការចូលរួមពីសិក្ខាកាមជាតិ និងអន្តរជាតិសរុប ២៦នាក់ មកពីបណ្តាប្រទេសមានជាអាទិ៍៖ កម្ពុជា ១០នាក់ បង់ក្លាដែស ៤នាក់ ប៊ូតាន ៥នាក់ ឥណ្ឌូនេស៊ី ៣នាក់ ប៉ាគីស្ថាន៤នាក់។ ជាលទ្ធផល វគ្គសិក្សានេះបានប្រព្រឹត្តដោយរលូន និងជោគជ័យ។

ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា កម្ពុជាសូមធ្វើការប្តេជ្ញាចិត្តចំពោះអនាគតមាន៤ចំណុច រួមមាន៖

១៖ ន្តចូលរួមចំណែក និងធ្វើជាម្ចាស់ផ្ទះរៀបចំសកម្មភាពបណ្តុះបណ្តាល TPP នាពេលអនាគត។
២៖ ជម្រុញ និងលើកទឹកចិត្តឱ្យកងកម្លាំងជាស្រី្តចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញវិស្វកម្ម (HEE) និងវគ្គយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ (EHAT) កាន់តែច្រើន។
៣៖ ចែករំលែកបទពិសោធន៍ TPP ជាមួយប្រទេសផ្សេងទៀតដែលចូលរួមចំណែកកងទ័ព និងប៉ូលិស (T/PCCs) ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ាន។
៤៖ បន្តចាត់បញ្ជូនសិក្ខាកាមចូលរួមហ្វឹកហាត់រួមជាមួយដៃគូសហការលើសមត្ថភាពវិស្វកម្ម (HEE) និងវគ្គយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ (EHAT)៕