(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា ក្រសួងយុត្តិធម៌ និងអង្គការដៃគូរសហការមួយចំនួនទៀត បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការពង្រឹងការអនុវត្តន៍នីតិវិធីស្មុំកូននៅកម្ពុជា»នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមចំនួន១០៧នាក់។
ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ក្នុងគោលដៅដើម្បីលើកកម្ពស់ការយល់ដឹង ដល់គ្រប់តួអង្គ ឬអ្នកពាក់ព័ន្ធ ទាក់ទងនឹងច្បាប់ គោលនយបាយ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ការអនុវត្តការងារស្មុំកូនក្នុង ប្រទេស និងអន្តរប្រទេស ព្រមទាំងកំណត់អំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីជំរុញការអនុវត្តកិច្ចការស្មុំកូនកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
សិក្ខាសាលាមួយនេះ រៀបចំឡើងក្នុងគោលបំណង ចែករំលែកអំពីវឌ្ឃនភាព និងបញ្ហប្រឈមនៃការអនុវត្តកិច្ចការស្មុំកូនកន្លងមករវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថាប័នតុលាការការចែករំលែកអំពីនីតិវិធីរដ្ឋបាលដែលបានកំណត់នៅក្នុងនីតិវិធីនៃការអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ ដោយមន្ត្រីសង្គមកិច្ច មុនដាក់ជូនតុលាការចេញដីការសម្រេចស្មុំកូន។ បន្ថែមពីនេះក៏ដើម្បីចែករំលែកច្បាប់ នីតិវិធីអនុវត្តរបស់តុលាការក្នុងដំណើរការស្មុំកូនក្នុងប្រទេស និងអន្តរប្រទេសដោយតុលាការពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងការពង្រឹងកិច្ចសហការ ដើម្បីលើកកម្ពស់ការអនុវត្តស្មុំកូននៅកម្ពុជា។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានកិច្ចការពារកុមារ បានសហការជាមួយអង្គករយូនីសេហ្វ សិក្សាវាយតម្លៃអំពីសមត្ថភាព និងដំណើរការនៃការអនុវត្តស្មុំកូនក្នុងប្រទេស និងអន្តរប្រទេសនៅកម្ពុជា។ ការសិក្សាវាយតម្លៃនេះកំណត់បាននូវព័ត៌មានសំខាន់ៗ ដើម្បីរៀបចំផែនការសកម្មភាពពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តការងារស្មុំកូន លើកកម្ពស់ការអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងស្មុំកូន ។
ការសិក្សាវាយតម្លៃនេះត្រូវបានធ្វើឡើងឆ្លើយតបទៅនឹងបរិបទដែលកម្ពុជា ជាពិសេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ការកែសម្រួលឡើងវិញនូវគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ការបើកឱ្យដំណើការស្មុំកូនអន្តរប្រទេសឡើងវិញ ខណៈពេលស្មុំកូនក្នុងប្រទេស មានវឌ្ឍនភាពថ្មីៗគួរឱ្យកត់សម្គាល់។
ក្នុងន័យនេះ នាយកដ្ឋានកិច្ចការពារកុមារនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច គ្រោងស្នើសុំកិច្ចសហការជាមួយ ក្រសួងយុត្តិធម៌ និងការគាំទ្រពីអង្គការ CIAI អង្គការ CIFA និងអង្គការ Holt International រៀបចំសិក្ខាសាលាពិគ្រោះយោបល់សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអនុវត្តនីតិវិធីស្មុំកូននៅកម្ពុជាជាមួយមន្ត្រីតុលាការ (ចៅក្រម ក្រឡាបញ្ជី មេធាវី) មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម អង្គទូត ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ៕