(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ចូលរួមក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពកុមារ និងជួយសង្រ្គោះជីវិតកុមារកម្ពុជា ដែលទទួលបានការស្រលាញ់ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ឧកញ៉ា យី រដ្ឋា ព្រមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយជាថវិកា ចំនួន២០០លានរៀល ជូនដល់មន្ទីពេទ្យគន្ធបុប្ផា។
ក្នុងនោះ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ចំនួន១៦៣នាក់ ម្នាក់ទទួលបានថវិកា ចំនួន១០០,០០០រៀល និងបុគ្គលិកទាំងអស់ ចំនួន៨៨៧នាក់ ម្នាក់ទទួលបានថវិកា ៥០,០០០រៀល ព្រមទាំងអ្នកជំងឺ ដែលសម្រាកព្យាបាលចំនួន១,៣០០នាក់ ម្នាក់ទទួលបានថវិកា ចំនួន៥០,០០០រៀលផងដែរ។ ការនាំយកថវិកានេះ ដើម្បីចូលរួមធានានូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសសកម្ម សង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា ដោយមិនគិតថ្លៃ។
ឧកញ៉ា យី រដ្ឋា បានលើកឡើងថា ការចូលរួមនូវថវិកានេះ គឺចង់បង្ហាញពីការអាណិតស្រឡាញ់ ចំពោះកុមារ ដែលគ្រួសាររបស់ពួកគេមានជីវភាពខ្វះខាត ហើយបានមករកសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ហើយក៏ជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងបង្កើនធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល កំពុងត្រូវការ ហើយកុមារនេះទៀតសោត គឺជាទំពាំងស្នងឫស្សី ដែលយើងម្នាក់ៗ ត្រូវតែគិតគូរពីសុខភាពរបស់ពួកគេ។
មួយវិញទៀត នាពេលកន្លងមក មន្ទីរពេទ្យគន្ធបុប្ផា ក៏បានជួយសង្គ្រោះអាយុជីវិតរបស់កុមារកម្ពុជារាប់មិនអស់ ហើយក្នុងនោះ ក៏មានវត្តមានកូនរបស់ អ្នកឧកញ៉ា ផងដែរ ហើយជាការតបស្នងសងគុណ ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចលោកគ្រូ- អ្នកគ្រូពេទ្យ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ផងដែរ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត តំណាងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាល ជូនចំពោះឧកញ៉ា យី រដ្ឋា ព្រមទាំងដែលតែងតែគិតគូរ និងបានយកអំណោយនាពេលនេះ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ឲ្យអាចបន្តបេសកកម្ម ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង និងប្រកបដោយប្រសិទ្ធភាព៕