(ព្រះវិហារ)៖ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា រួមជាមួយព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍អនុគណ ព្រះចៅអធិការវត្តស្ទឹងមានជ័យ និងព្រះសង្ឃជាច្រើនព្រះអង្គទៀត បាននាំយកគ្រឿង ឧបភោគបរិភោគនិងថវិកាជូនអង្គភាព និងថវិកាឧបត្ថម្ភដោយផ្ទាល់ជូនកងកម្លាំងជួរមុខ នៃកងពលអន្តរាគមន៍លេខ១ និងបន្តនាំយកថវិកាឧបត្ថម្ភដោយផ្ទាល់ជូនកងកម្លាំងជួរមុខ នៃកងពលលេង ៥៣៣ និងវរសេនាសេនាតូចការពារព្រំដែនតាថាវ ព្រះវិហារ-នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ឈួរ សុបញ្ញា បានពាំនាំនូវបណ្ដាំសាកសួរសុខទុក្ខពីសម្ដេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ដែល កំពុងឈរជើងយ៉ាងរឹងមាំត្រៀមខ្លួនជាស្រច ជាកម្លាំងអន្តរាគមន៍បម្រើឱ្យកិច្ចការ ការពារបូរណភាពទឹកដី និងបន្តកសាងអង្គភាពរឹងមាំគ្រប់ផ្នែក និងគ្រប់ពេលវេលា ដែលជាយុទ្ធសាស្ត្រក៏ដូចជាកាតព្វកិច្ចការពារជាតិមាតុភមិកម្ពុជារបស់យើងទាំងអស់គ្នា។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាមិនមែនជាប្រទេសឈ្លានពានគេ មិនមែនជាប្រទេសសន្សំរឿង មិនមែនជាប្រទេសមានប្រវត្តិយករបស់គេ ឬចង់បានរបស់គេទេ តែឈ្លានពានយើង ចង់បានរបស់យើង គេធ្លាប់យករបស់យើង ដូចនេះយើងមានភារកិច្ចការពារជាតិនិងទឹកដី ហើយម៉ោងនេះ យោធាចេញការពារនៅតាមតំបន់ព្រំដែន នៅលើសមរភូមិជួរមុខ​ តែបើមានការចាំបាច់ យើងខ្ញុំជាប្រជាជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ក៏ស្ម័គ្រស្មោះ ចូលរួមជាមួយគ្នាដែរ គឺស្ម័គ្របំរើការពារទឹកដី ដែលនេះជាទឹកចិត្តនិងឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយសូមជឿជាក់លើ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន៕