(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមការងារយុវជន និងស្ថាប័នជំនាញ បើកសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី១២ ធ្វើការស្វែងយល់នូវមូលដ្ឋានគ្រឹះមួយចំនួនទៅនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអនាគត។
សិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និង ការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី១២ រៀបចំឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ក្នុងកម្មវិធីបើកសិក្ខាសាលា ស្តីពីការរៀបចំ ផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា២០២៤-២០២៥ នៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ ក្នុងគោលបំណងឱ្យសិស្សានុសិស្ស ស្វែងយល់អំពីចំណុចគន្លឹះចំនួនរួមមាន ស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់ តាមរយៈការពិនិត្យលើចំណូលចិត្ត ជំនាញ គុណ តម្លៃ និងបុគ្គលិកលក្ខណៈរបស់ខ្លួនឯង, ស្វែងយល់ពីអាជីព និងមុខរបរដែលសមស្រប តាមជំនាញឯកទេស, ស្វែងយល់ពីតម្រូវការ កម្លាំងពលកម្មតាមជំនាញឯកទេស និងទិន្នន័យនៃប្រាក់បៀរវត្ស សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ទាំងកម្រិតក្នុងប្រទេស និង កម្រិតតំបន់, ស្វែងយល់ពីលទ្ធភាព កត្តាជំរុញ និងកត្តារារាំង ចំពោះការសម្រេចគោលដៅរបស់ខ្លួន, និងរៀបចំផែនការអាជីព និងការសិក្សាឱ្យបានសមស្រប និងកែសម្រួលទៅតាមរយៈកាលខ្លី ឬវែង»។
លោកស្រីបណ្ឌិតបានបន្តថា តាមរយៈការសិក្សានេះ ធនាគារជាតិនៃកម្ពុជា បានបន្តលើកកម្ពស់ការអប់រំដល់សិស្សនុសិស្ស តាមរយៈការឧបត្ថម្ភវគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការបញ្ជ្រាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់សិស្សានុសិស្ស ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅពីថ្នាក់ទី១ ដល់ទី១២ និងយុទ្ធនាការអប់រំខ្លីៗដូចជា ការបោះពុម្ពសៀវ ភៅ «តោះ! និយាយពីលុយ» ដែលលើកកម្ពស់ការយល់ដឹងលើការគ្រប់គ្រងប្រាក់កាស ប្រកបដោយភាពវៃឆ្លាត។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា ទន្ទឹមនេះធនាគារជាតិនៃកម្ពុជាក៏បានឧបត្ថម្ភ និងបំពាក់កុំព្យូទ័រជាច្រើនគ្រឿង ក្នុងបន្ទប់សិក្សាកុំព្យូទ័រ ព្រមទាំងផ្តល់ជូននូវការបង្រៀនកុំព្យូទ័រ ដល់សិស្សក្នុងនោះគ្រូបង្រៀនសុទ្ធសឹងជាមន្ត្រីផ្នែកព័ត៌មានវិទ្យា ដែលមានបទពិសោធន៍បម្រើការងារយូរឆ្នាំផងដែរ។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ឲ្យតែមានជំនាញច្បាស់ គឺមិនខ្វះការងារធ្វើនោះទេ ដូចនេះគប្បីប្អូនៗពេលបញ្ចប់ថ្នាក់ទី១២ត្រូវជ្រើសរើស និងសម្រេចចិត្តឲ្យត្រឹមត្រូវ ហើយគួរចាប់យកមុខជំនាញណា សមស្របសមត្ថភាពខ្លួនមាន។ ជាមួយនេះត្រូវចេះស្វែងរកនូវអាហារូបករណ៍ ដើម្បីអាចបន្តការសិក្សាតាមមហាវិទ្យាល័យក្នុងនិង ក្រៅស្រុក និងមានការកំណត់ គោលការណ៍សម្រាប់ជីវិត ព្រោះវាជាផ្នែកមួយ ក្នុងការតម្រង់ទិសសម្រាប់ខ្លួនឯង។
កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានផ្ដល់អាហារូបករណ៍ សម្រាប់សិស្សមកពីបណ្ដាខេត្ត ក្នុងនោះខេត្តកំពង់ធំ សិស្សនិទ្ទេស A (អេ) និង B ផងដែរ។ លើសពីនេះធនាគារជាតិនៃកម្ពុជា ក៏កំពុងសស្រាក់សស្រាំ ជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេស ដែលជាមន្ត្រីរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីផ្ដល់នូវការបំពាក់បំប៉នភាសាអង់គ្លេសបន្ថែមដល់សិស្ស សម្រាប់ជាទុនត្រៀមចូលមហាវិទ្យាល័យ ឬបន្តសិក្សាជំនាញបច្ចេកទេសផ្សេងៗ។
លោកស្រីបណ្ឌិតទេសាភិបាល ជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ នឹងជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ ហើយខិតខំប្រឹងប្រែងរៀនសូត្រ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយៗទៀត ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួន និងចូលរួមចំណែក អភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ផងដែរ៕