(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានថ្លែងថា សុខភាពភ្នែក គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សយើងម្នាក់ៗ ។ដូច្នេះហើយនៅពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានអនុម័តឱ្យប្រើប្រាស់ «គោលកាណ៍ណែនាំបច្ចេកទេសស្តីពីការកែលម្អគុណភាពនៃការវះកាត់បាយភ្នែកនៅកម្ពុជា» ដែលបានបង្ហាញស្តង់ដារប្រតិបត្តិមួយចំនួន ដែលត្រូវអនុវត្ត ក្នុងការបង្កើនគុណភាព និងសុវត្ថិភាពអ្នកជំងឺ មកទទួលការព្យាបាលភ្នែកជំងឺបាយភ្នែក និងជំងឺភ្នែកដទៃទៀត។

ដើម្បីឆ្ពោះទៅរកការកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម០.៣៥% នៅឆ្នាំ២០៣០ លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី បានផ្ដល់អនុសាសន៍មួយចំនួន ណែនាំដល់កម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល មន្ដ្រីពាក់ព័ន្ធ និងអង្គការដៃគូ បន្ដរួមគ្នាធ្វើកិច្ចការងារនេះឱ្យមានសម្រេចតាមគោលដៅ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ស្តីពី «ការពង្រឹងព័ត៌មានសុខភាពភ្នែក ក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលថ្នាក់ក្រោមជាតិ» និង ការកែលម្អគុណភាពនៃការវះកាត់ជំងឺបាយភ្នែក និងសុវត្ថិភាពអ្នកជំងឺ» នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។

លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី បានថ្លែងទៀតថា តាមការវាយតម្លៃរហ័សថ្នាក់ជាតិស្តីពីភាពពិការភ្នែកក្នុងឆ្នាំ ២០១៩ បានបង្ហាញថា គំហើញក្រោយការវះកាត់ជំងឺបាយភ្នែកល្អ ៦៦.២% (៦/៦ - ៦/១២) និងគំហើញមិនល្អ ១៤.៥% (<៦/៦០)។ យោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) គំហើញល្អ ៨០%-៩០% និងគំហើញមិនល្អ (poor vision) ៥%។ «ហេតុនេះ យើងត្រូវពិនិត្យឡើងវិញ ដើម្បីកែលម្អ អនុលោមតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO)។ យើងជឿជាក់ថា សិក្ខាសាលាថ្ងៃនេះ ផ្តល់សារសំខាន់ថែមទៀត ដល់ការអភិវឌ្ឍន៍នូវការព្យាបាលជំងឺភ្នែកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក»។ ការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ

ឆ្លៀតក្នុងឱកាសនេះ លោកសាស្ដ្រាចារ្យបានផ្តល់អនុសាសន៍មួយចំនួនដូចជា៖
* អនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេស ស្តីពីការកែលម្អគុណភាពនៃការវះកាត់បាយភ្នែក ឱ្យបានម៉ឺងម៉ាត់ ដោយធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
* ប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសនៃកម្មវិធីសុខភាពភ្នែកដែលមានស្រាប់ ដើម្បីបន្តពង្រឹងគុណភាព វិសាលភាព និងនិរន្តភាពសុខភាពភ្នែក។
* ធ្វើទំនើបកម្ម និងពង្រឹងគុណភាពប្រកបដោយនវានុវត្តន៍ ឌីជីថល ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ
* ធ្វើបច្ចុប្បន្នភាពនៃជំងឺភ្នែកនៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល (HC1 & HO2)
* បញ្ចូលទិន្នន័យឱ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល
* បង្កើនចំណេះដឹងបន្ថែមស្តីពីជំងឺភ្នែក និងប្រើប្រាស់សូចនាករថ្មី ក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល ដល់មន្ត្រីថ្នាក់ក្រោមជាតិ ជាពិសេស មន្ត្រីទទួលបន្ទុកផ្នែកប្រព័ន្ធព័ត៌មាន និងរបាយការណ៍។

តាងនាមឱ្យក្រសួងសុខាភិបាល និងខ្លួនលោកផ្ទាល់ បានថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេស មូលនិធិហ្រេដហូឡូ ដែលបាននឹងកំពុជួយគាំទ្រ និងអភិវឌ្ឍន៍ វិស័យសុខភាពភ្នែក ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងគុណភាព ពង្រីកវិសាលភាព សុខភាពភ្នែក ឆ្ពោះទៅរកការកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ ២០៣០។

តាមការបញ្ជាក់របស់ប្រធានកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា បានឱ្យដឹងថា កម្មវិធីជាតិសុខភាពភ្នែកមានការប្រឹងប្រែងធ្វើសកម្មភាពមួយចំនួន ដើម្បីបង្កើនគុណភាពនៃការវះកាត់ជំងឺបាយភ្នែក ដូចជា៖
* បង្កើតក្រុមការងារបច្ចេកទេសចងក្រងសៀវភៅស្ដីពីគោលការណែនាំបច្ចេកទេសស្ដីពីការកែលម្អគុណភាពនៃការវះកាត់បាយភ្នែកនៅកម្ពុជា និងដាក់ជូនក្រសួងសុខាភិបាលដើម្បីពិនិត្យនិងអនុម័ត។
* បង្កើតកម្មវិធី ឌីជីថលនៅក្នុង “App” ដើម្បីបណ្ដុះបណ្ដាលដល់ក្រុមទ្រទ្រង់សុខភាពភូមិ បុគ្គលិកមណ្ឌលសុខភាព និងនិសិ្សតវេជ្ជសាស្រ្ត។
* ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ក្រុមគ្រូពេទ្យឯកទេសពីកម្មវិធីជាតិសុខភាពភ្នែកនៃមន្ទីរពេទ្យថ្នាក់ជាតិបានចុះធ្វើការវាយតម្លៃពីគុណភាពវះកាត់បាយភ្នែក និងសុវត្ថិភាពអ្នកជំងឺនៅខេត្តចំនួន ៦ មានដូចជា ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ ។
*ហើយបានរកឃើញបញ្ហាមួយចំនួនដូចជា៖ មានកង្វះខាតសម្ភារពិនិត្យព្យាបាល និងតាមដានអ្នកជំងឺមុន និងក្រោយវះកាត់ ប្រព័ន្ធកត់ត្រាលទ្ធផលគំហើញក្រោយការវះកាត់បាយភ្នែក (Cataract Surgical Outcome Monitoring) ដែលនឹងត្រូវលើកយកមកជជែកពិភាក្សាស៊ីជម្រៅនៅក្នុងសិក្ខាសាលានេះ។

លោកបានគូសបញ្ជាក់ទៀតថា ជំងឺបាយភ្នែកជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅប្រទេសកម្ពុជាដែលមានប្រមាណ ៨០% នៃភាពពិការភ្នែកទាំងអស់ដែលអាចព្យាបាលបាន។ ក្នុងនោះកម្មវិធីជាតិសុខភាពភ្នែក មានការវះកាត់ជំងឺបាយភ្នែកចំនួន ៤១,០៨០ករណី ក្នុងឆ្នាំ២០២៤។ ហើយការសិក្សាកន្លងមកបង្ហាញថា គំហើញក្រោយការវះកាត់ជំងឺបាយភ្នែកនៅមានកម្រិត មិនទាន់ដល់ការណែនាំរបស់អង្គការសុខភាពពិភពលោកនោះទេ៕