(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ពីប្រក្រតីភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើ និងធានាការផ្គត់ផ្គង់តម្រូវការប្រេងឥន្ធនៈក្នុងប្រទេស បើថៃបិទមិនឱ្យនាំចូលប្រេងមកកម្ពុជា។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះលោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា លោកស្រី ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានផ្ដល់ការណែនាំ ដល់ប្រធានមន្ទីរពាណិជ្ជកម្មចំនួន៧ខេត្តដែលនៅជាប់ព្រំដែនថៃ ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាថ្លៃ ក្នុងនោះបន្លែផ្លែឈើដែលនាំមកមានមួយចំនួនប្រើប្រាស់ក្នុងបណ្ដាខេត្តទាំង៧ ដែលនៅជាប់ព្រំដែន ប៉ុន្ដែតាមការពិនិត្យយ៉ាងដិតដល់បន្លែផ្លែឈើទាំងនេះសុទ្ធសឹងតែជា បន្លែផ្លែឈើដែលនាំចូលដើម្បីនាំចេញបន្ដទៅប្រទេសវៀតណាម។

លោកបានបន្ដថា ដូច្នេះបន្លែផ្លែឈើនាំចូលពីប្រទេសថៃ ដើម្បីប្រើប្រាស់មានតែមួយចំនួនប៉ុណ្ណោះ ដែលដាក់លក់ក្នុងបណ្ដាខេត្តទាំង៧។ បន្ទាប់ពីបិទមិនឲ្យនាំចូលបន្លែផ្លែឈើពីប្រទេសថៃមក ប្រជាជនដំបូងមានការត្អូញត្អែរដោយព្រួយបារម្ភចំពោះការកង្វះការផ្គត់ផ្គង់ ប៉ុន្ដែបន្ទាប់ពីមានការណែនាំពីប្រធានមន្ទីរមក និងមានការអំពាវនាវជាហូរហែរធ្វើឲ្យអាជីវករ ងាកមកទិញបន្លែផ្លែឈើក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឡើងវិញ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមថា ចំពោះទំនិញកសិផលរបស់កម្ពុជា ដែលនាំទៅប្រទេសថៃ ដូចជាពោត ដំឡូងមីជាដើម គឺបន្ដការនាំចេញជាធម្មតា ក្នុងនោះចំពោះទំនិញច្រើនដែលលំបាក ឬមិនបាននាំចេញ យើងបង្វែរទៅនាំចេញទៅកាន់ប្រទេសផ្សេងទៀត។ កត្តាមួយទៀតគឺការជំរុញឈ្មួញកណ្ដាលដែលតែងតែប្រមូលទិញទំនិញ កុំឆ្លៀតបន្ទាបតម្លៃ ចំណែកអ្នកលក់ដូរក្នុងផ្សារដូចគ្នា កុំឆ្លៀតដំឡើងថ្លៃ និងបង្វែរទិសដៅនៃការនាំចេញរបស់ខ្លួន ទៅប្រទេសម្ខាងទៀតដូចជាប្រទេសវៀតណាម និងប្រទេសចិន។

លោកបានបញ្ជាក់ថា ដោយឡែកសម្រាប់ទំនិញមួយចំនួន ដែលជាទំនិញសម្រាប់នាំចូលទៅប្រទេសថៃដូចជាផ្លែល្ពោជាដើម ប៉ុន្ដែថៃលែងទិញបន្ដពីកម្ពុជា យើងក៏បង្វែរទំនិញទាំងនោះទៅដាក់លក់លើទីផ្សារដូចជា ផ្សារ ជីប ម៉ុង, បាយ័ន, ម៉ាក្រូ អ៊ីអន និងផ្សារឡាក់គីជាដើម ចំពោះយន្ដការណ៍នេះ​នឹងបន្ដចំពោះទំនិញផ្សេងៗទៀត ដែលមិនអាចនាំចូលទៅកាន់ប្រទេសថៃបាន។

លោក ប៉ែន សុវិជាតិ បានថ្លែងបន្ដថា តាមការវាយតម្លៃមួយរយៈពេលនេះ មិនមានផលអវិជ្ជមានណាមួយឡើយ ចំពោះទីផ្សារ និងការនាំចេញ ប៉ុន្ដែប្រសិនបើបន្ដក្នុងរយៈពេលវែងយើងនឹងមានយន្ដការជាក់ស្ដែង សម្រាប់ដោះស្រាយបញ្ហាទាំងក្នុងពេលមធ្យម និងវែង។

លោកបានបញ្ជាក់ថា និយាយចំពោះការនាំចូលប្រេងបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភចំពោះការបិទការនាំចូលប្រេង។ ប្រេង និងហ្គាសដែលនាំចូលពីប្រទេសថៃភាគច្រើន ជារបស់ក្រុមហ៊ុន PTT ក្នុងនោះក្រៅអំពីថៃយើងក៏បាននាំចូលពីប្រទេសផ្សេងៗជាច្រើនដែរ ដូចជាប្រទេសឹង្ហបុរី និងវៀតណាមជាដើម។ ដូច្នេះប្រភពនៃការនាំចូលប្រេង និងហ្គាសនេះ មានប្រភពជំនួស ប្រសិនបើថៃបិទលែងឲ្យនាំចូល ដូច្នេះបើមិនអាចនាំចូលពីប្រទេសថៃ ក្នុងរយៈពេលវែងយើងនឹងបង្កើនការនាំចូលពីប្រទេសផ្សេងៗទៀត។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «ខ្ញុំមានសុទិដ្ឋិនិយមថា អំពីស្ថានភាពនៃការនាំចូលប្រេង និងលទ្ធភាពនៃការផ្គត់ផ្គង់ផ្ទៃ ក្នុងការប្រើប្រាស់របស់យើង និងលទ្ធភាពនៃការនាំចូលពីប្រភពដទៃជំនួសឲ្យថៃ ប្រសិនបើមានការបិទការនាំចូលប្រេងពិតមែន។ ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះលទ្ធភាព ដែលយើងអាចប្រើប្រាស់ប្រភពផ្សេងៗ ទាំងប្រភពនាំចូលពីប្រទេសផ្សេងៗ និងប្រភពផលិតកម្មក្នុងស្រុក ក្នុងការផ្គត់ផ្គង់បន្លែផ្លែឈើត្រីសាច់សម្រាប់ប្រើប្រាស់ក្នុងស្រុក»

សូមស្តាប់ការពន្យល់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖