(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីចូលរួមកម្មវិធីបើកសម្ភោធជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េណាំង (Penang) ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅសណ្ឋាគារ Shangri-La។
តាមការជូនដំណឹងរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េណាំង (Penang) ប្រទេសម៉ាឡេស៊ីដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំ និងមានព្រលានយន្តហោះដ៏មមាញឹកទី២ម៉ាឡេស៊ី នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយហោះហើរចំនួន២ដងក្នុងមួយសប្តាហ៍នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ។
ការហោះហើរថ្មីត្រង់ និងជាប្រចាំនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អ និងប្រកបដោយផ្លែផ្កាដល់ប្រទេស និងប្រជាជនទាំងពីរ ដែលកើតចេញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត និងចុក្ខវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំកម្ពុជាអភិវឌ្ឍលើគ្រប់វិស័យ និងជួយពូនជ្រំថែបំប៉នពង្រឹងពង្រីកចំណងមិត្តភាពការទូតកម្ពុជា និងម៉ាឡេស៊ីកាន់តែជិតស្និទ្ធ និងវិវឌ្ឍនជាលំដាប់ ជាពិសេសលើការតភ្ជាប់ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការជំរុញកំណើនទេសចរក្នុងស្រុក និងអន្តរជាតិឱ្យកាន់តែកើនឡើង និងសកម្ម ព្រមទាំងការបង្កើតនូវកាលានុវត្តវិនិយោគលើវស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត៕