(សៀមរាប)៖ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា (MC Sport) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «យេីងរួមគ្នាបរិច្ចាគឈាម ដេីម្បីសង្គ្រោះជីវិត» នៅសួនច្បារខាងជេីងព្រះអង្គចេកព្រះអង្គចម រយៈពេលមួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៩ មួយថ្ងៃពេញ និងថ្ងៃទី២០ មួយព្រឹក ដែលមានបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមចំនួន ២០០៥នាក់ និងអ្នកបរិច្ចាគ ១៤០៥ប្លោក/នាក់ ព្រមទាំងបានចងក្រងក្រុមស្ម័គ្រចិត្ត បានចំនួន ៦៥ក្រុម មានអ្នកស្ម័គ្រចិត្តសរុប ១២៧៥នាក់។
ហើយនៅរសៀលថ្ងៃទី២០ ខែឆ្នាំដដែល ក៏មានការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម នេះផងដែរ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នៅតារាងបាល់ទាត់អេស អរ យូ (SRU United) ក្រុងសៀមរាប។
ព្រឹត្តិការណ៍បរិច្ចាគឈាម និងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ក្នុងគោលបំណងដើម្បីបង្ហាញពីទឹកចិត្ត ការស្រលាញ់ ការចេះជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ និងលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ភារតភាពក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងកិច្ចសហប្រតិបត្តិការល្អ ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព»។
ហើយរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរ-អង្គភាព ក្រុមគ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់ឈាមដេីម្បីជួយសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋយេីង។ ម្យ៉ាងទៀត ក៏សូមថ្លែងអំណរគុណចំពោះកងកម្លាំង ក្រុមការងារពិធីករកីឡា និងបងប្អូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដែលបានជួយសម្របសម្រួលដល់បងប្អូន ដែលបានមកផ្តល់ឈាម ក្នុងរយៈពេលមួយថ្ងៃកន្លះនេះ៕