(ភ្នំពេញ)៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ដើម្បីឲ្យពិធីបើកសម្ពោធខាងលើ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អប្រសើរ លោក ឃួង ស្រេង អភិបាល និងលោកជំទាវ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខនេះ ដោយចាប់ផ្តើមដើរថ្មើជើង ចេញពីផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង។
ក្នុងការចុះពិនិត្យនេះ លោក ឃួង ស្រេង ក៏បានណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដូនពេញ បន្តចុះធ្វើកិច្ចការងារចុងក្រោយ ដើម្បីធានាថា រួចរាល់ និងប្រកបដោយសោភណ្ឌភាព សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អសើរ។
ដើម្បីអបអរសាទរព្រឹត្តិការណ៍សម្ពោធជាផ្លូវការនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឲ្យមានការប្រគំតន្ត្រីរបស់ក្រុមហ៊ុន Galaxy ដែលមានតារាចម្រៀងល្បីៗដូចជា៖ លោក ខេមរៈ សេរីមន្ត, លោក ខេម, លោក ខាន់ ជេមស៍ អ្នកនាង ខាត់ សួស្តី និងតារាល្បីៗជាច្រើនទៀត។
បើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅលើផ្លូវថ្មើរជើង មានតូបលក់ទំនិញចម្រុះ និងអ្នកលក់ ចល័តចំនួន២៦៥ទីតាំង ដែលមានអ្នកលក់ប្រមាណ ៦៧០នាក់។ តូបដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ គឺជួលក្នុងតម្លៃសមរម្យ រីឯការលក់ដូរចល័ត មិនតម្រូវឲ្យបង់ប្រាក់នោះទេ។ ប៉ុន្តែត្រូវតែមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងមិនប៉ះពាល់ដល់អ្នកមកកម្សាន្តលើ ផ្លូវថ្មើរជើង។
លោកស្រី ដោ សម្ផស្ស បានបន្តថា នារៀងរាល់ចុងសប្តាហ៍ ផ្លូវថ្មើរជើង អាចទទួលបានអ្នកដើរលេងកំសាន្ត អ្នកទេសចរជាមធ្យមពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ឬអាចកើនដល់១២ម៉ឺននាក់ផងដែរ។ កំណើនពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដ៏ច្រើនបែបនេះ រដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកជាជោគជ័យដ៏ធំ និងប្តេជ្ញាធ្វើឲ្យផ្លូវថ្មើរជើង កាន់តែរស់រវើកពីមួយសប្តាហ៍ទៅមួយសប្តាហ៍ និងជាកន្លែងបង្ហាញវប្បធម៌ខ្មែរប្រពៃណីដ៏ល្អ ផូរផង់របស់ខ្មែរ ដល់បរទេស ដោយចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយផ្លូវ តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង។ លោកស្រីបញ្ជាក់ថា គោលបំណងធំបំផុត ដែលរាជរដ្ឋាភិបាល ពិសេសរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឲ្យមានផ្លូវថ្មើរជើងនេះ គឺចង់ឱ្យផ្លូវថ្មើរជើងនេះ ក្លាយជាទីផ្សារទេសចរណ៍ថ្មីបន្ថែមទៀត របស់រាជធានីភ្នំពេញ ។
ក្រោយដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្លូវថ្មើរជើងនៅតាមបណ្តោយទន្លេចតុមុខនេះ មានរយៈពេល ២០សប្តាហ៍ហើយ ដោយបានទាក់ទាញពលរដ្ឋខ្មែរ និងទេសចរណ៍អន្តរជាតិ រាប់ម៉ឺននាក់ មកកម្សាន្តនៅថ្ងៃចុងសប្តាហ៍។ ផ្លូវថ្មើរជើងនេះ បានក្លាយជាទីតាំងជួបជុំ ដើរកម្សាន្តរបស់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងទេសចរអន្តរជាតិ អមដោយការតាំងលក់ ផលិតផល ម្ហូបអាហារ និងការសម្តែងសិល្បៈផ្សេងៗផងដែរ ។
សូមបញ្ជាក់ថា ផ្លូវថ្មើរជើងនេះ នឹងត្រូវបិទចរាចរការធ្វើដំណើរឆ្លងកាត់ ដោយរថយន្ត និងម៉ូតូ តាំងពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ មិថុនា។ តែសម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះ អាចបន្តធ្វើដំណើរ ដើរលេងកម្សាន្ដ ដូចជារៀងរាល់សប្ដាហ៍ គ្រាន់តែមានកន្លែងត្រួតពិនិត្យប៉ុណ្ណោះ៕