(ពោធិ៍សាត់)៖ ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានប្រគេន​ម៉ាស៊ីអេកូសាស្ត្រ ០១គ្រឿង, តុ១, គ្រែ១, កុំព្យូទ័រ១ឈុត, ព្រីនធ័រ១គ្រឿង និងស្គ្រីនទូរទស្សន៍១ ចំណាយថវិកាអស់ជិត២ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ពិធីប្រគេនសម្ភារខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលអេកូសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី លោកវេជ្ជ. ម៉ៅ ស៊ីវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បុគ្គលិកពេទ្យ និងសប្បុរសជនមួយចំនួនទៀត។

លោកវេជ្ជ. ម៉ៅ ស៊ីវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានគោរពថ្លែងអំណរព្រះគុណ ប្រគេនចំពោះព្រះតេជគុណ នៅ សុគន្ធថៃ ហៅលោកតាហួរ ដែលមានទឹកព្រះទ័យជ្រះថ្លា បរិច្ចាគបច្ច័យដែលបានមកពីបច្ច័យបួន របស់សប្បុរសជន ញាតិញោម និងពុទ្ធបរិស័ទជិតឆ្ងាយ ទិញឧបករណ៍វេជ្ជសាស្ត្រ និងគ្រឿងបរិក្ខាអេឡិចត្រូនិក ចំណាយថវិកាអស់ជិត២ម៉ឺនដុល្លារ ទុកសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នាពេលនេះ។

លោកប្រធានមន្ទីរពេទ្យ បានបន្តថា ទង្វើ និងសកម្មភាព របស់ព្រះតេជគុណ នៅ សុគន្ធថៃ មិនមែនជាលើកទីមួយនោះទេ ពោលគឺព្រះអង្គបានចូលរួមចំណែកយ៉ាងច្រើនលើសលុប ក្នុងកិច្ចការងារសង្គម ក៏ដូចជាសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សង្គមជាតិ និងសាសនា រួមមាន៖ សាលារៀន មន្ទីរពេទ្យ វត្តអារាម...។ល។ ដែលទាំងនេះបានសម្តែងយ៉ាងច្បាស់ អំពីវីរៈភាពដ៏ល្អរបស់ព្រះអង្គ សម្រាប់បណ្តាវត្តដទៃទៀតយកគម្រូតាម។

លោកវេជ្ជបណ្ឌិតបន្ថែមថា ទឹកព្រះទ័យ និងសណ្តានចិត្តសប្បុរសធម៌របស់ព្រះអង្គ គឺចង់ឃើញមន្ទីរពេទ្យខេត្តរបស់យើង មានការអភិវឌ្ឍន៍ចម្រើនឡើង ហើយវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ គឺមានឯកទេស សមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រប់គ្រាន់ ក្នុងកិច្ចការងារព្យាបាល និងថែទាំអ្នកជំងឺ ដោយសេចក្តីទុកចិត្ត។

គួរជម្រាបជូនថា ថ្មីៗនេះខេត្តពោធិ៍សាត់ បាននឹងកំពុងសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ថ្មីមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការចូលរួមឧបត្ថម្ភថវិកាពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ អគារកម្ពស់ ៥ ជាន់នេះ នឹងជួយលើកកម្ពស់សេវាសុខាភិបាល និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវសេវាសង្គ្រោះបន្ទាន់ និងព្យាបាលប្រកបដោយប្រសិទ្ធភាព។ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) ជាអ្នកផ្តួចផ្តើមគំនិតក្នុងការសាងសង់អគារនេះ ព្រមទាំងបានអំពាវនាវឱ្យមានការចូលរួមបន្តពីសប្បុរសជន ដើម្បីឱ្យគម្រោងនេះសម្រេចបានជោគជ័យ។

លេខទូរសព្ទទំនាក់ទំនង៖ ០១២ ៥២០ ០២៥ / ០១២ ៨១៩ ៦៩៨/ ០១២ ៩៧៩ ៦៤០
អាចចូលរួមតាមរយៈគណនី មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៖ 
*លេខគណនី 0400-00266360-50
*លេខគណនី 0400-00266360-51