(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោក ប្រចាំខែមិថុនា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តបន្ត សំដៅធ្វើយ៉ាងណាក្តាប់ឱ្យជាប់នូវ សភាពការណ៍កើតឡើងនៅមូលដ្ឋាន។
កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក ឈាង វណ្ណារិទ្ធ អនុប្រធានទី១, លោក ជា បូរ៉ា អនុប្រធានទី២, អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រី ជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងមានអនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំជាច្រើរូបទៀត។
ថ្លែងនាឱកាសនោះពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោកទេសរដ្ឋមន្ត្រី ថោង ខុន រួមទាំងក្រុមការងារចុះជួយមូលដ្ឋានស្រុកតាំងគោក ក៏បានប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់ តាមយន្តការការទូត និងច្បាប់អន្តរជាតិ។ លោកក៏បានណែនាំឱ្យក្រុមការងារទាំងអស់រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយជួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក្នុងការការពារបូរណភាពទឹកដី, សមរភូមិក្រោយ ជួយសមរភូមិមុខ។
ជាមួយគ្នានោះ ក្រោយពីបានស្តាប់របាយការណ៍ពីលោក ហាក់ ម៉ុងហួត ប្រធានគណបក្សស្រុករួចមក លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារបន្តយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ តាមរយៈការចុះជួប សាកសួរសុខទុក្ខជាប្រចាំ និងជួយដោះស្រាយនូវរាល់បញ្ហា និងត្រៀមរកការងារជូនពួកគាត់ឱ្យបានជាក់ស្តែង និងសមស្រប។
ចំពោះការងារគណបក្សវិញ លោកបណ្ឌិត ថោង ខុន ក៏បានជំរុញមន្រ្តីបក្សគ្រប់ថ្នាក់ខិតខំកសាង និងពង្រីកសមាជិកបក្សទាំងបរិមាណ និងគុណភាព ដោយគ្រប់ភូមិត្រូវខិតខំកសាងឱ្យបាន ៨០% ត្រឹមឆ្នាំ២០២៥នេះ ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានផែនការបញ្ចូលសមាជិកបក្សថ្មីប្រចាំខែ ខណៈដែលមកដល់ពេលនេះ គ្រប់ភូមិទាំងអស់ បានកសាងសមាជិកបក្សបាន ៧៨% ហើយ។ ជាងនេះទៅទៀត ត្រូវខិតខំធ្វើការគ្រប់គ្រងសមាជិកបក្សចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសឱ្យបានល្អផងដែរ។
លោកបណ្ឌិត ថោង ខុន ក៏បានណែនាំបន្ថែមដល់ក្រុមការងារ គណបក្សស្រុក ជាពិសេសគណបក្សឃុំស្រឡៅ ឃុំទ្រៀល ឃុំជ្រលង និងឃុំអណ្តូពោធិ៍ បន្តក្តាប់ជាប់នូវសភាពការណ៍កើតឡើងនៅមូលដ្ឋានរបស់ក្រុមប្រឆាំង, ក្តាប់ជាប់សតិអារម្មណ៍នយោបាយ និងការគ្រប់គ្រងសាធារណៈមតិ សំដៅធ្វើការឆ្លើយតប និងវាយបកឱ្យបានទាន់ពេលវេលានៅពេលមានបញ្ហាកើតឡើង។ ជាងនេះទៀត គណបក្សស្រុកត្រូវរៀបចំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបក្សនៅថ្នាក់ភូមិ ឃុំ និងស្រុក ដើម្បីយល់ដឹងច្បាស់អំពីរចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបការងាររបស់គណបក្ស។
លោកបណ្ឌិត ថោង ខុន ក៏បានណែនាំបន្ថែមដល់រដ្ឋបាលស្រុក ខិតខំបន្ថែមទៀតលើការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ, ការពង្រឹងការផ្តល់សេវាសាធារណៈ ជាពិសេសលើការធ្វើអត្តសញ្ញាណប័ណ្ណ, សៀវភៅអត្រានុគោលដ្ឋាន, បណ្ណសមធម៌ជូនប្រជាជនក្រីក្រ, បណ្ណ ប.ស.ស សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធនៅក្នុងមូលដ្ឋានស្រុកឱ្យបានច្រើនតាមដែលអាចធ្វើបាន និងត្រូវរាយការណ៍បន្តទៅថ្នាក់លើក្នុងករណីជួបបញ្ហាមិនអាចដោះស្រាយបាន។
លោកបណ្ឌិត ថោង ខុន ក៏បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក រៀបចំកិច្ចប្រជុំបូកសរុបការងារផ្តល់សេវាសារណៈនៅក្នុងមូលដ្ឋានស្រុក ហើយក្នុងករណីនៅបន្តឃើញមានបញ្ហាប្រឈមដែលមិនទាន់បានដោះស្រាយ ត្រូវខិតខំរួមគ្នាពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ធ្វើការប្រជុំជីវភាពបក្សឱ្យបានទៀងទាត់៕