(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញនាំយកអំណោយសម្ភារ គ្រឿងឧបភោគ បរិភោគ សាកសួរសុខទុក្ខកងទ័ពនៅ សមរភូមិទិសយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។

ថ្លែងនៅក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែល បានលះបង់កម្លាំងចិត្ត និងមានឆន្ទះមុះមុតឈរជើងការពារដែនអធិបតេយ្យរបស់កម្ពុជាប្រកបដោយភក្តីភាព និងអង់អាចក្លាហាន ពីសត្រូវឈ្លានពាន។

លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានបន្ថែមថា ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក្នុងនាមសមរភូមិក្រោយ នៅតែបន្តចូលរួមយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងជ្រោមជ្រែងជានិច្ចដល់កងកម្លាំងប្រដាប់អាវុធ តាមបន្ទាត់ព្រំដែន ក្នុងស្មារតីការពារជាតិ និងសាមគ្គីជាតិតែមួយ។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនកងទ័ពនៅទីបញ្ជាការអង្គរក្ស ប្រចាំទិសទី១ ប្រាសាទព្រះវិហាររួមមាន៖ អង្ករ ១០តោន ទឹកត្រី២៥០យួរ ទឹកស៊ីអ៊ីវ២០០យួរ ត្រីខកំប៉ុង ៥០កេសធំ មីម៉ែដាមផលិតពីល្ពៅ១០០កេស ទឹកដោះគោខាប់១០០កេសធំ ទឹកបរិសុទ្ធ១០០កេស កាហ្វេម៉ាកស្កេកេអ៊ីនអាយ២០កេស ស័ង្កសី៥០០សន្លឹក ឧបត្ថម្ភកងទ័ព៦០០នាក់ ក្នុងម្នាក់ទទួលបាន៨ម៉ឺនរៀល និងឧបត្ថម្ភគណ:បញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ ថវិកា​ ១៥លានរៀល៕