(ភ្នំពេញ)៖ ស្ថិតក្នុងសេចក្តីទុក្ខសោកសង្រេងស្តាយស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះមរណភាពរបស់អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី ជាទីគោរពស្រឡាញ់ស្មើជីវិតរបស់ស្វាមី កូន ចៅ ចៅទួត ទាំងអស់គ្នា ដែលបានរំលាយ ខន្ធទៅកាន់បរលោក កាលពីថ្ងៃពុធ ៨រោច ខែជេស្ន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ និង១៨នាទីព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ នៅផ្ទះលេខ៤៩-៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រុមគ្រួសារព្រមទាំងសាច់ញាតិ បានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ដារបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈកាលបីយប់ គម្រប់បួនថ្ងៃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី ត្រូវជាម្តាយបង្កើត របស់លោកស្រី ឃួន មុំ ដែលជាជំនួយការផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។

រហូតមកដល់ព្រឹកថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ សពអគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី បានរៀបចំពិធីបូជា នៅវត្តវាលស្បូវ  សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

ពិធីបូជាសព ត្រូវបានប្រព្រឹត្តទៅក្រោមទិដ្ឋភាព នៃក្តីសង្វេគក្រៀមក្រំស្តាយស្រណោះអាឡោះអាល័យជាពន់ពេកពីសំណាក់ក្រុមគ្រួសារសាច់សារលោហិត យ៉ាងខ្ជាប់ខ្ជួនឥតមានធ្វេសប្រហែស ដោយសេចក្ដីកតញ្ញូកតវេទីដ៏ជ្រាលជ្រៅជាទីបំផុត។ 

ការទទួលមរណភាពរបស់អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី គឺជាការបាត់បង់ដ៏ធំធេង នូវភរិយាជាទីស្រលាញ់ ជាអ្នកមានគុណ ជាម្ដាយ ម្ដាយក្មេក ជីដូន ជីទួត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លា ចំពោះក្រុមគ្រួសារ ដោយកន្លងមកមួយឆាកជីវិត របស់អគ្គមហាឧបាសិកា ង៉ូន សូហ្វី បានខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មានកូនៗ រហូតបានក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃ សម្រាប់សង្គមជាតិ និងបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកសាង លើកស្ទួយវិស័យអាណាចក្រ និងពុទ្ធចក្រ ក្នុងសង្គមជាតិយើង ។

ជាមួយគ្នានេះ ក្រុមគ្រួសារព្រមទាំងសាច់ញាតិ សូមគោរពសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យ គំរប់ខួប ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី៕