(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ប្រកាសរកឃើញ ករណីស្លាប់ដោយជំងឺផ្តាសាយបក្សីចំនួន ០១ករណី ដែលបានកើតលើបុរសអាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

បុរសរូបនេះ ត្រូវបានបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ទោះជាមានការយកចិត្តទុកដាក់ ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទីព្រឹក ដោយសារមានស្ថានភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ តាមការសាកសួរបង្ហាញថាអ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់ ២ថ្ងៃមុនថ្ងៃដែលអ្នកជំងឺចាប់ផ្តើមឈឺ៕