(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួន ដើម្បីរួមគ្នាបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ជាមួយនឹងភាពបុរេសកម្ម។
ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើក ទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាកាត់បន្ថយមរណភាពមាតា និងទារក» នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។
លោកសាស្ត្រាចារ្យបានថ្លែងបន្តថា សិក្ខាសាលានាថ្ងៃនេះ គឺពិតជាពេលវេលាដ៏ល្អ ក្នុងការលើកកម្ពស់នូវគុណភាពនៃសេវាបំប៉នចំណេះដឹងជំនាញដល់សមាជិក សមាជិកាសមាគម ស្របនឹងអនុលោម តាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា «យើងទាំងអស់គ្នា ក្នុងនាមជាអ្នកប្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ត្រូវរួមគ្នាផ្តល់សេវាសុខាភិបាលមួយដ៏ល្អ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យធនធានមនុស្សកម្ពុជា ក្លាយទៅជាធនធនមនុស្សដែលលើសពីសុខភាព-សុខុមាលភាព»។
ឆ្លៀតក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ មួយចំនួន ដល់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដូចជា ១)ត្រូវរៀបចំបង្កើនការបំប៉នសមត្ថភាពជំនាញ ដល់សមាជិកឱ្យកាន់តែប្រសើរ ដោយផ្អែកលើបទពិសោធន៍បច្ចេកទេសថ្មីៗ លើសកលលោក រួមជាមួយនឹងការបង្ហាញការអនុវត្តជំនាញផង ២) ត្រូវជួយរំលឹកដល់សមាជិក បង្កើតស្មារតី អនុវត្តការងារប្រកបដោយគុណភាព គុណធម៌ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ៣) ត្រូវជួយពង្រឹងភាពម្ចាស់ការ ធ្វើយ៉ាងណាបង្កើនទំនុកចិត្តដល់ប្រជាជនឱ្យទទួលសេវានៅកម្ពុជា បន្ថយការទៅព្យាបាលនៅបរទេស។ ជាការបង្កើនការជឿងជាក់ការបម្រើសេវា ៤) ត្រូវរួមគ្នាទទួលខុសត្រូវចំពោះអត្ថប្រយោជន៍វិជ្ជាជីវៈ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកឡើងពីកត្តាប្រឈមមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ ស្គាល់ពីបញ្ហា មូលហេតុនៃបញ្ហា និងស្វែងរកដំណោះស្រាយ ដោយត្រូវយកមកពិភាក្សាគ្នា កុំឱ្យមានការយឺតយ៉ាវ ក្នុងការរកឃើញនូវបញ្ហា ដូចជា ការពិនិត្យផ្ទៃពោះមុនពេលកើត ការយកចិត្តទុកដាក់នៅពេលកំពុងសម្រាលមានស្ថានភាពមិនល្អ និងយកចិត្តទុកដាក់ក្រោយសម្រាល ទាំងម្តាយ និងទារក។
ទន្ទឹមនឹងនេះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់សមាជិកសមាគមន៍ និងមន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានផ្ទៃពោះរបស់ស្រ្តីជាម្តាយ យ៉ាងតិច ៤ដង, ត្រូវពិនិត្យ និងតាមដានសុខភាពស្រ្តីមានផ្ទៃពោះ ពីជំងឺផ្សេងៗ, ស្នើឱ្យប្រធានមណ្ឌលសុខភាព និងប្រធានមន្ទីរពេទ្យ ចុះទៅពិនិត្យកន្លែងសម្រាលឱ្យបានញឹកញាប់ និងរាយការណ៍រាល់ថ្ងៃអំពីការសម្រាល, ការពង្រឹងសម្ថតភាព បច្ចេកទេសឱ្យកាន់តែប្រសើរ ៥) ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់ក្នុងការជួយសង្រ្គោះជីវិតទារកដែលទើបនឹងកើត, ថ្នាក់ដឹកនាំគ្រប់អង្គភាពសាធារណៈ និងឯកជន ត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវឱ្យបានខ្ពស់ ក្នុងការដឹកនាំដោះស្រាយបញ្ហា, ត្រូវយកចិត្តទុកដាក់ពិនិត្យ និងតាមដានសុខភាព ម្តាយ និងទារក ក្រោយពេលសម្រាល ដែលជាការចាំបាច់, ត្រូវធ្វើការណែនាំស្រ្តីមានផ្ទៃពោះ កុំឱ្យប្រើប្រាស់ស្រាថ្នាំមិនមានប្រភព ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ទាំងម្តាយ និងទារក និងណែនាំស្រ្តីមានផ្ទៃពោះ កុំឱ្យប្រើប្រាស់ឱសថដោយគ្មានការពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញ។
លើសពីបោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសម្តែងការកោតសរសើរ ចំពោះសមាគម ក្នុងការដឹកនាំ រៀបចំឱ្យមានជាសិក្ខាសាលាទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមខិតខំបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាមរណភាពមាតាឱ្យនៅទាប ឈានទៅសម្រេចបានគោលដៅ ដែលបានកំណត់ក្នុងឆ្នាំ២០៣០៕