(កណ្តាល)៖ ជើងក្រោមរបស់បក្សប្រឆាំងកំពុងរង្គោះរង្គើខ្លាំងចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ពុះកញ្ជ្រោលដូចទឹកបាក់ទំនប់ ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោ បាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្បាលម៉ាស៊ីនគណបក្សភ្លើងទៀនចំនួន១១នាក់ នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានប្រកាសផ្តាច់ខ្លួន ពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាព នយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋានទាំង៤រូបនេះ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងចំពោះជាតិមាតុភូមិនាពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។ ចាប់ពីពេលនេះតទៅ ពួកគេឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកទៀត។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយ របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ ជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក បានព្យាយាមធ្វើសកម្មភាបរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះ ជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។
ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេ ក៏បានសុំការ អនុគ្រោះ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពី របប ប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាមបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុម ប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោល នយោបាយ ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខ សន្តិភាព និងស្ថិរភាពសង្គម ដែលជាលក្ខខណ្ឌ ដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅ ប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។
ពួកគេ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និង ឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕