(កំពង់ធំ)៖ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ» ព្រមទាំងដាំកូនឈើចំនួន៦០ ដើម។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង កាកបាទក្រហមកម្ពុជា លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីអនុសាខា យុវជនកាកបាទក្រហម ជូនដល់សិស្សានុសិស្ស សរុបចំនួន៣០០នាក់ ស្រីចំនួន១៦៨នាក់ នៅក្នុងវិទ្យាល័យហ៊ុនសែន ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះផងដែរលោក វ៉ា សុភ័ក្រ្ត បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ សម្ដេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនរើសអើងពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសចំពោះប្អូនៗអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដែលកម្លាំងនាំមុខនៅសហគមន៍ និងជាទំពាំងស្នងឬស្សីរបស់សង្គមផងដែរ ។
លោកបន្តថា «គោលបំណងក្នុងការផ្សព្វផ្សាយនេះ គឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហម និង សិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺ
មិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid ១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ»។
ជាពិសេសដើម្បីចូលរួមទប់ស្កាត់និងការពារជំងឺមិនឆ្លង ៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម។ ស្របតាមទិសស្លោក «ស្រឡាញ់ខ្លួនស្ងួនចំណី»។
លោក វ៉ា សុភ័ក្រ្ត បានគូសរម្លឹកដល់សហគមន៍ទៀតថា ដើម្បីឲ្យសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា៖
*ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
*ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ
*មិនដុត ឬកប់សំបកដបជ័រក្នុងដី
ក្នុងពេលនោះផងដែរលោកក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារមេរោគអេដស៍និងជំងឺអេដស៍ផងដែរ៕