(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញ មានសារព័ត៌មានថៃមួយចំនួន រួមទាំងកាសែតល្បីរបស់ថៃ Bangkok Post ផងនោះ បានចុះផ្សាយបំពុលព័ត៌មានថា ជនជាតិខ្មែរបានសម្រុកទៅចាក់សាំងនៅថៃ ពីព្រោះសាំងនៅខ្មែរថ្លៃ និងក្រោយការព្រមានហាមឃាត់នាំចូលសាំងពីថៃ ដែលជាការឆ្លើយតបនឹងសំដីរបស់មន្រ្តីបក្សប្រឆាំងថៃម្នាក់និយាយថា «បើថៃបិទនាំចូលប្រេងមកកម្ពុជាតែមួយខែ នោះកម្ពុជានឹងចុះចាញ់»។
ភ្លាមៗបន្ទាប់ពីការចុះផ្សាយមិនពិតនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សូមច្រានចោលការចុះផ្សាយនេះ និងថាមិនមានរឿងបែបនេះ កើតឡើងឡើយ។
អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «រូបភាពរថយន្តដែលកាសែតថៃចុះផ្សាយនេះ គឺជារថយន្តដែលបងប្អូនខ្មែរយើងធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលពេលបើកចូលដំបូង គឺមានការកកស្ទះបែបនេះហើយ»។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បងប្អូនខ្មែរដែលជាថៅកែ និងអាជីវករបោះដុំលក់ដូរទំនិញនៅផ្សាររុងក្លឿ ដែលមានម៉ូតូ រថយន្តជាច្រើនគ្រឿងបានឆ្លងចូលតាមច្រកទ្វារអន្តរជាតិប៉ោតប៉ែត ដែលកម្ពុជាបើកនៅម៉ោង៩ ថៃបើកនៅម៉ោង៨ ពោលមិនមែនចូលទៅចាក់សាំងដូចកាសែត និងជនជាតិថៃមួយក្តាប់តូចផ្សាយនោះឡើយ។
ក្នុងកិច្ចសម្ភាសន៍ក្រុមអាជីវករខ្មែរបញ្ជាក់ថា «សាំងនៅខ្មែរខ្វះអី មិនចាំបាច់ទៅចាក់សាំងនៅថៃនោះឡើយ»៕