(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការី ស្តីពីការចូលរួមជួយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្នើសុំកិច្ចសហការ និងគាំទ្រលើកិច្ចការទេសចរណ៍វប្បធម៌ផងដែរ។
ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។
រដ្ឋមន្ត្រី ហួត ហាក់ ក៏បានជម្រាបទៅគណៈប្រតិភូមកពី សមាគមសិល្បករខ្មែរពី សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ និងអំពីវឌ្ឍនភាពនៃការដាក់ចេញយុទ្ធនាការទស្សនាកម្ពុជានៅ «រដូវកាលបៃតង» Green Season ជំនួសឲ្យពាក្យ «រដូវកាលភ្ញៀវតិច» Low Season។
ជាលទ្ធផលនៃជំនួបពិភាក្សា ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តាមរយៈការផលិតមាតិកាពាក់ព័ន្ធនឹងទេសចរណ៍នៅកម្ពុជា និងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍បន្ថែមទៀត៕