(ភ្នំពេញ)៖ តបតាមការអញ្ជើញពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី កាត់ខ្សែបូរសម្ពោធបើកកម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ (Malaysia Food and Culture Fest 2025) នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវថ្មើរជើងចតុមុខ (walk street) ។
កម្មវិធីពិពរណ៍នេះ មានការយាងចូលរួមពីសំណាក់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តប្រចាំនៅកម្ពុជា លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក-លោកស្រី តំណាងក្រុមហ៊ុនឯកជននានាពីប្រទេសកម្ពុជា និងម៉ាឡេស៊ី រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនា សរុបប្រមាណជាង២០០នាក់។
លោករដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញទស្សនាតាមស្តង់ពិព័រណ៌ ម្ហូបអាហារភេសជ្ជៈផលិតផលរបស់ម៉ាឡេស៊ី ពីបណ្តាតំបន់នានារបស់ប្រទេសម៉ាឡេស៊ី និងពីក្នុងប្រទេសកម្ពុជាផ្ទាល់ ព្រមទាំងអញ្ជើញទស្សនាការសម្តែងសិល្បៈវប្បធម៌ របាំប្រពៃណី និងការសម្តែងតន្ត្រីដ៏ល្អ និងរស់រវើកប្រកបដោយភាពប៉ិនប្រសប់របស់សិល្បករម៉ាឡេស៊ី។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងទេសចរណ៍ បានបញ្ចាំងជូនគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋអញ្ជើញមកទស្សនា នូវឃ្លីបវីដេអូផ្សព្វផ្សាយទេសចរណ៍ម៉ូស្លីម ដោយទទួលបានការចាប់អារម្មណ៍ និងការសាទរជាខ្លាំង៕