(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ថ្មីៗនេះ ចំពោះមេដឹកនាំសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានបញ្ចេញសារសំទ្បេងសន្ទនាផ្ទាល់រវាងសម្ដេចតេជោ ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្រ្ដីថៃ Paetongtarn Shinawatra-  ផៃថងតាន ស៊ីណាវ៉ាត់ត្រា ដែលបានធ្វើឲ្យមានប្រតិកម្មផ្ទុះការតវ៉ាការទូតពីភាគីថៃមកលើកម្ពុជា ដោយចោទប្រកាន់មកលើកម្ពុជា ថាជារឿងខុសច្បាប់ ឬខុសក្រមសីលធម៌ការទូត គឺជារឿងដ៏គួរអស់សំណើច។ ព្រោះយន្តការនៃរាជរដ្ឋាភិបាល គឺជាបុគ្គលសាធារណៈដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដមរបស់ជាតិ និងមានសភាពស្មុគស្មាញ មិនមែនជារឿងបុគ្គលឯកជន និងបុគ្គលឯកជនទ្បើយ ។

ជាទូទៅរាល់កិច្ចប្រជុំ ឬការសន្ទនាតាមទូរស័ព្ទ ពិសេសរវាងមេដឹកនាំរដ្ឋ និងមេដឹកនាំរដ្ឋ ត្រូវទាមទារឲ្យមានក្រុមអ្នកកត់ត្រា ការហៅទូរស័ព្ទ នូវរាល់ពាក្យពេចន៍សន្ទនាឲ្យត្រឹមត្រូវទៅវិញទៅមក បន្ទាប់មកកំណត់ត្រាទាំងនោះ នឹងត្រូវរក្សាទុកជាឯកសារជាតិ ហៅថា "ជាប់ក្នុងខ្សែអាត់សម្លេងជាតិ" ។ ដើម្បីយកឈ្នះលើអ្នកបកប្រែមិនល្អ និងទុកជាភស្ដុតាងប្រវត្តិសាស្ត្រ ដោយគេអាចបញ្ចេញកំណត់ត្រា ឬខ្សែអាត់សំទ្បេងទាំងនេះ នាពេលណាមួយ ដើម្បីស្វែងយល់។

បើពោលឲ្យចំ ក្នុងការបញ្ចេញសារសំទ្បេងសន្ទនារវាងមេដឹកនាំសម្ដេចតេជោ ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្រ្ដីថៃ ស្របពេលដែលពួកជាតិនិយមជ្រុលថៃ និងពួកយោធាថៃ កំពុងយកកម្ពុជាធ្វើជាល្បែងជម្លោះនយោបាយផ្ទៃក្នុង ដើម្បីដណ្ដើមអំណាចគ្នាយ៉ាងក្ដៅគគុកនេះ គឺជាប្រពៃណីការទូតរបស់មេដឹកនាំលើពិភពលោក ពិសេសមេដឹកនាំសហរដ្ឋអាមេរិក តាំងពីដើមរៀងមក។ ជាក់ស្ដែង ការថតសំឡេង និងការកត់ត្រាទុករបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Benjamin Harrison ពីឆ្នាំ១៨៣៣– ១៩០១ ដោយប្រើបច្ចេកវិទ្យាថ្មីសម្រាប់ការថតសំទ្បេងសន្ទនារបស់គាត់ជាលើកដំបូងនាពេលនោះ គឺស៊ីឡាំង phonograph ដែល​មាន​សមត្ថភាព​ទាំង​ថត និង​ចាក់សំឡេង​ឡើងវិញ -record player បន្ដរហូតមកដល់ប្រធានាធិបតីរបស់លោក John F. Kennedy ដោយការថតសំទ្បេងរាល់ការប្រជុំ និងការហៅទូរស័ព្ទ មានសភាពកាន់តែជឿនលឿននិងទូលំទូលាយ រហូតមកដល់សម័យបច្ចេកវិទ្យាទំនើបសព្វថ្ងៃនេះ។

លោក រ័ត្ន សណ្ដាប់ បន្ដថា ហេតុនេះបើពោលដល់រាល់មេដឹកនាំសហរដ្ឋអាមេរិកនេះទៀតសោត សម្រាប់រាល់ការកត់ត្រា ឬថតសំទ្បេងសន្ទនា និងការបញ្ចេញខ្សែអាត់សំទ្បេងសន្ទនាគ្នានាពេលណាមួយ ពុំបានបង្ហាញពីការគ្មានសីលធម៌ផ្នែកការទូតនោះទ្បើយ។ ប៉ុន្ដែគឺជាប្រពៃណីផ្នែកការទូតទៅវិញ។ យោងតាមមជ្ឈមណ្ឌល Miller ដែលជាវិទ្យាស្ថានគោលនយោបាយ និងប្រវត្តិសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Virginia ប្រធានាធិបតីអាមេរិកតែងមានឧបករណ៍ថតសំឡេងនូវរាល់ការ​សន្ទនា។ ក្នុងនោះ ខ្សែអាត់ថតសំទ្បេងរបស់ប្រធានាធិបតីអាមេរិក ត្រូវបានបោះពុម្ភជាសៀវភៅយ៉ាងទូលំទូលាយ និងរក្សាទុកខ្សែអាត់ដោយប្រុងប្រយ័ត្ន ដូចជាខ្សែអាត់សំទ្បេងរបស់លោកប្រធានាធិបតី Lyndon B. Johnson ត្រូវបានលោក Michael Beschloss ដែលជាប្រវត្តិវិទូ បានលើកយកមកសរសេរសៀវភៅ "Taking Charge: The Johnson White House Tapes, 1963-1964" ដោយប្រើប្រាស់ខ្សែអាត់របស់ប្រធានាធិបតីដើម្បីផ្តល់ការយល់ដឹងអំពីតំណែងប្រធានាធិបតី។

ហេតុនេះបើយើងពោលអំពីប្រវត្ដិមេដឹកនាំតាំងពីដើមរៀងមកនេះទៀតសោត គឺជារឿងកម្រណាស់ដែលមេដឹកនាំប្រទេសមួយ ត្រូវលើកទូរស័ព្ទសន្ទនាជាមួយបណ្ដាមេដឹកនាំរដ្ឋបរទេសមួយទៀតភ្លាមៗ ដោយផ្ទាល់។ ពីព្រោះរាល់ខ្សែទូរស័ព្ទ ត្រូវបានឆ្លងកាត់នូវការត្រួតពិនិត្យដោយមន្ត្រីស៊ើបការណ៍សម្ងាត់ជាច្រើន បន្ទាប់មកទើបសង្ខេបអត្ថន័យបញ្ជូនភ្ជាប់ មកឲ្យមេដឹកនាំប្រទេស ដើម្បីសន្ទនាគ្នាដើម្បីដោះស្រាយបញ្ហា ដោយខ្សែអាត់​ថតសំទ្បេង បានចងភ្ជាប់រវាងមេដឹកនាំទាំងសង្ខាង ដោយស្វ័យប្រវត្ដិ។ ដូច្នេះចំពោះការទ្បាំប៉ាផ្នែកការទូតរបស់ថៃ មកលើសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រហែលជាថៃខ្វះចំណេះដឹងឬ មិនមានវិជ្ជាជីវៈខាងប្រពៃណីការទូត ឬមួយប្រហែលជាថៃកំពុងតែវង្វែងស្មារតីដោយសារតែទស្សនជាតិនិយមជ្រុលរបស់ខ្លួន៕