(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ ណែនាំការងារ និងប្រគល់ភារកិច្ច ព្រមទាំងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងចម្រុះប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ពិធីនេះប្រព្រឹត្តទៅនៅតំបន់ភ្នំប្រង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះទីបញ្ជាការស្រាលទាំងពីរដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារទប់ស្កាត់ មិនឲ្យមានកើតឡើងជាថ្មីនូវបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។
លោក ក៏បានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ រួមជាមួយអាជ្ញាធរដែនដីឃុំ ភូមិ និងស្រុកប្រាសាទបល្ល័ង្ក ត្រូវខិតខំអប់រំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋាននានា ដែលនៅជាធរមាន ជូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាប ដើម្បកុំឲ្យមានការកាប់ទន្ទ្រាន ឬដាំដុះលើដីរបស់រដ្ឋ ដែលរដ្ឋកំពុងគ្រប់គ្រង និងផ្ទៃដីដែលតុលាការបានចេញដីកាដកហូតជាសម្បត្តិរដ្ឋ រួចហើយ ដើម្បីជៀសវាងបញ្ហាប្រឈមចំពោះមុខច្បាប់ ហើយត្រូវគ្រប់គ្រងឲ្យបាន មិនឲ្យមានភាពអាណាធិបតេយ្យការកាប់ទន្ទ្រានឬដាំដុះលើដីរបស់រដ្ឋបានទៀតជាដាច់ខាត។ ក្នុងករណីមេខ្លោង ឬជនល្មើសនៅតែរឹងទទឹងទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ដែលខុសច្បាប់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ប្រជាលរដ្ឋសូមចូលរួមដល់កងកម្លាំង ដើមម្បីការពារថនធានធម្មជាតិឲ្យបានឋិស្ថេរ គង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយតទៅតៀត ។
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់នូវប្រេងសាំងចំនួន ៣០០លីត្រ អង្ករ ២០០kg មី ៦កេស ទឹកត្រីទឹកស៊ីអ៊ីវ ៨យួរ និងត្រីខកំប៉ុង ៦យួរ ជូនដល់កងកម្លាំងចម្រុះទីបញ្ជាការស្រាលទាំងពីរ ដើម្បីបន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនិងគ្មានការដកថយឡើយ៕