(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ជម្លោះរវាងកម្ពុជា-ថៃ ដែលរីករាលដាល់កាន់តែខ្លាំងនាពេលនេះ គឺផ្តើមឡើងដោយភាគីថៃ តាមរយៈ ចលនាជាតិនិយមរបស់ថៃ។

ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី​បានបញ្ជាក់ដូច្នេះថា៖ «ទីបំផុត ដោយសារស្មារតីជាតិនិយម គេបានយកប្រធានបទនេះដើម្បីចំណេញនយោបាយផ្ទៃក្នុងប្រទេសថៃ យកអាហ្នឹងមករាលដល់កម្ពុជា ដេញយើងចេញហើយចោទថា យើងបានរំលោភ៦០០ដង ក្នុងនោះក៏មានរឿងប្រជាពលរដ្ឋខ្មែរឡើងទៅច្រៀងក្នុងដែនអធិបតេយ្យភាព(កម្ពុជា)»

សម្តេចបានលើកឡើងថា កន្លងទៅ អ្នកនយោបាយថៃ កំពុងតែប្រកាសដេញប្រជាជនខ្មែរ។ សម្តេចបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា មិនបានបញ្ឆេះជម្លោះរវាងកម្ពុជា-ថៃនោះទេ ហើយរដ្ឋាភិបាលក៏ធ្លាប់បានបានទុកច្រកដើម្បីចរចា។ សម្តេចបានបន្តថា ដំបូងត្រឹមតែពួកជាតិនិយមថៃទេ ដែលក្នុងនោះមានពួកអាវលឿង អាវផ្សេងៗ មានសុន្ធិ លឹមថងគុល ដែលគេបានស្រែក ប៉ុន្តែរឿងនេះ មិនមែនជាជំហររដ្ឋាភិបាលថៃទេ ​គឺពេលនោះកម្ពុជានៅចរចាគ្នាបាន ដែលកម្ពុជាទាមទារក្នុងការរក្សាស្ថិរភាព សន្តិភាព មិនចង់ឈានដល់ដូចបច្ចុប្បន្នឡើយ ប៉ុន្តែគេបានបញ្ឆេះបន្តបន្ទាប់រហូត។

សម្តេចបានបញ្ជាក់ទៀតថា «មេទាហានភូមិភាគ២ថៃ និយាយថាបើចង់បានវ៉ៃគ្នា តើនិយាយ​នេះឱ្យចរចាទ្វេភាគីយ៉ាងម៉េច»។ សម្តេចបន្តថា ការបញ្ឆេះស្មារតីជាតិនិយមក្នុងប្រទេសថៃ បានហៀរមកដល់កម្ពុជា។

ចំណុចមួយទៀត សម្តេចបានលើកឡើងថា ការគំរាមកាត់ភ្លើង កាត់អ៉ីនធើណិត ច្រើនខែមកហើយ ដែលយកហេតុផលថា ដើម្បីផ្តាច់អនឡាញនៅព្រំដែន ហើយលាបពណ៌កម្ពុជាថា កម្ពុជាអាក្រក់បែបនេះអាក្រក់បែបនោះ។ សម្តេចឱ្យក្រលែកមើលអំពីបញ្ហាថៃពេលនេះ ដែលសម្បូរដោយហ្គេមអនឡាញ និងឧក្រិដ្ឋកម្ម។

សម្តេចបានមានប្រសាសន៍ថា ការលាបពណ៌របស់អ្នកនយោបាយថៃ មកលើកម្ពុជា គឺជាចេតនាធ្វើឱ្យខូចកិត្តិយស ដែលនាំឱ្យប្រជាពលរដ្ឋខ្មែរក្តៅក្រហាយ រហូតដល់ចុងក្រោយ គឺលួចមកបាញ់ទាហានកម្ពុជានៅព្រំដែនតំបន់មុំបី ហើយបែរជាចោទថាកម្ពុជាជាអ្នកបាញ់មុនទៅវិញ។

សម្តេចបានបញ្ជាក់បន្ថែមថា «រឿងទាំងអស់នេះ មិនមែនបញ្ឆេះស្មារតីជាតិនិយម នៅក្នុងប្រទេសកម្ពុជាទេឬ? តើជាតិមួយអាចឱ្យគេមើលងាយរហូតគេបន្ទោស(បង្អាប់)រហូតទេ?»។ សម្តេចបានលើកឡើងថា រាប់ខែមកហើយដែលរាជរដ្ឋាភិបាលកម្ពុជា មានការអត់ធ្មត់ណាស់។

ជម្លោះកម្ពុជា-ថៃ បានបង្កើតឱ្យមានភាពតានតឹងនៅតាមបណ្តោយព្រំដែន។ ច្រកមួយចំនួនត្រូវបានដាក់វិធានការរឹតត្បិតយ៉ាងខ្លាំង។ ក្រៅពីវិធានការបិទ និងរឹតត្បិតច្រក កម្ពុជា ក៏បានផ្តាច់អគ្គិសនី អ៉ីនធឺណិត ព្រមទាំងមិនឱ្យនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃផងដែរ។ ចុងក្រោយនេះកម្ពុជា ក៏បានប្រកាសបិទមិនអនុញ្ញាតឱ្យនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃថែមទៀត។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «អីចឹង ដើមចមនៃការបំផុសស្មារតីជាតិនិយមរបស់កម្ពុជា គឺកម្ពុជា មិនមែនបំផុសទៅវ៉ៃនរណាដើម្បីចំណេញនយោបាយផ្ទៃក្នុងទេ ប៉ុន្តែដោយសារកត្តាខាងក្រៅ ប្រទេសមួយ អ្នកនយោបាយប្រទេសមួយ ចង់ចំណេញនយោបាយខ្លួនឯង បំផុសនយោបាយផ្ទៃក្នុង ហើយយកកម្ពុជាធ្វើជាបាវសាក់ នេះហើយដែលធ្វើឱ្យជាតិខ្មែររបស់យើង ត្រូវឆ្លើយតបទៅវិញ»