(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គេអាចធ្វើប្រតិភូកម្មផ្នែកសិទ្ធិ តែមិនអាចប្រតិភូកម្មផ្នែកទទួលខុសត្រូវនោះទេ។
ហេតុនេះ ក្រសួងស្ថាប័នទាំងអស់ ខេត្តទាំងអស់ និងកងទ័ពទាំងអស់ ដរាបណាដឹកនាំអនុវត្តនូវគោលការណ៍ ក្នុងគោលគំនិតរួម ក្នុងដែនអធិបតេយ្យសិទ្ធិ ដែលសម្តេចធិបតីប្រគល់ឲ្យ គឺសម្តេចធិបតី ជាអ្នកទទួលខុសត្រូវ។ រាល់វិធានការ ដែលសម្តេចដាក់ចេញ គឺសម្តេចជាអ្នកទទួលខុសត្រូវ កុំខ្លាចក្នុងការអនុវត្តឲ្យសោះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «បើខ្ញុំប្រកាសថាបិទព្រំដែន បើមានរឿងអីខ្ញុំទទួលខុសត្រូវ មិនមែនខេត្តទេ។ បើខ្ញុំថា ឈប់ឲ្យនាំចូលប្រេងមក មិនមែនរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទទួលខុសត្រូវទេ ខ្ញុំអ្នកទទូួលខុសត្រូវ។ អីចឹងកុំខ្លាច។ ជាមេដឹកនាំយើងអាចប្រតិភូកម្មសិទ្ធិ ប៉ុន្តែមិនអាចប្រតិភូកម្មការទទួលខុសត្រូវទេ»។
បើតាមប្រសាសន៍សម្តេចធិបតី គឺសម្តេចធ្វើការតាមអ្វីដែលប្រជាជនបោះឆ្នោតឲ្យធ្វើតែប៉ុណ្ណោះ ដោយតាមរយៈការដឹកនាំ តម្រង់ទិស និងដោះស្រាយបញ្ហា។ អីចឹង បើការដឹកនាំនេះ ធ្វើឲ្យប្រជាជាតិនៅពីក្រោយ បានន័យថា សម្តេចធ្វើកាតព្វកិច្ចត្រូវហើយ។
សម្តេចធិបតី បានបន្តថា «កុំបន្ទោសខ្ញុំថា លេងល្បែងជាតិនិយម ដើម្បីប្រជាប្រិយភាពនោះ ខ្ញុំមិនគ្រាន់តែដោះស្រាយ ដឹកនាំជាតិ នៅក្នុងការពារអធិបតេយ្យភាពជាតិ និងឧត្តមប្រយោជន៍ជាតិ តែជាកាតព្វកិច្ចដែលបងប្អូនប្រគល់ឲ្យខ្ញុំ ១៧លាននាក់»។
សម្តេចមហាបវរធិបតី បានថ្លែងទៀតថា នៅកម្ពុជា ខុសពីថៃ។ កម្ពុជា នាយករដ្ឋមន្ត្រីបញ្ជាបែបណា គឺត្រូវតែអនុវត្តបែបនោះ ខុសពីថៃ នាយករដ្ឋមន្ត្រីនិយាយផ្សេង យោធាធ្វើផ្សេង។
សូមជម្រាបថា ឆ្លើយតបនឹងការប្រមាថរបស់ថៃ នាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ។ ជាមួយគ្នានេះ ច្រកទ្វារអន្តរជាតិជប់គគីរ ក្នុងខេត្តឧត្តរមានជ័យ បានបញ្ជាឲ្យបិទជាអចិន្រ្តៃយ៍ ឆ្លើយតបជាមួយភាពព្រហើនរបស់មេទ័ពភូមិភាគ២ថៃ ដែលបានប្រកាសបិទច្រកមួយនេះ ជាឯកតោភាគី។ មិនត្រឹមតែបិទច្រកមួយនេះទេ នាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យបិទច្រកទ្វារអន្តរជាតិជាំមួយទៀតផងដែរ៕