(សៀមរាប)៖ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ខ្ញុំបញ្ជា ខ្ញុំជាអ្នកទទួលខុសត្រូវ ពីព្រោះនៅកម្ពុជា មិនមែនឱ្យថ្នាក់ក្រោមធ្វើអ្វីស្រេចតែចិត្តនោះទេ» ពោលគឺនៅប្រទេសកម្ពុជា ខុសពីប្រទេសថៃ។ កម្ពុជា នាយករដ្ឋមន្ត្រីបញ្ជាបែបណា គឺត្រូវតែអនុវត្តបែបនោះខុសពីថៃ នាយករដ្ឋមន្ត្រីនិយាយផ្សេង យោធាធ្វើផ្សិង។

ការអះអាងបែបនេះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺបន្ទាប់ពីសម្តេចបានសម្រេចបិទព្រំដែននៅខេត្តឧត្ដរមានជ័យ។ នៅកម្ពុជា មានតែរដ្ឋាភិបាលមួយគត់ តែមានសិទ្ធិសម្រេចគ្រប់យ៉ាង រាប់ទាំងការបញ្ជាទ័ព ពោលគឺសំឡេងតែមួយ ប៉ុន្តែ នៅប្រទេសថៃវិញ រាជរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីគ្មានសិទ្ធិបញ្ជាការងារនោះឡើយ។

ការបញ្ជាក់បែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា៖ «ខ្ញុំបញ្ជា ខ្ញុំជាអ្នកទទួលខុសត្រូវ ពីព្រោះនៅកម្ពុជា មិនមែនឱ្យថ្នាក់ក្រោមធ្វើអ្វីស្រេចតែចិត្តនោះទេ មិនមែននៅប្រទេសខ្លះនាយករដ្ឋមន្ត្រីនិយាយ តែទាហាន ធ្វើផ្សេងនោះទេ […] ខ្ញុំមិនមែនជាអ្នកទៅបំផុស្មារតីជាតិនិយមនោះទេ ខ្ញុំគ្រាន់តែធ្វើការតាមអ្វីដែលប្រជាជនបោះឆ្នោតឱ្យខ្ញុំធ្វើនោះទេ គឺដឹកនាំបប្រទេសនៅគ្រាលំបាក ដោះស្រាយនៅពេលជួបបញ្ហា»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៅភាគីថៃ សូមកុំមកចោទប្រកាន់សម្តេចថា ជាអ្នកលេងល្បែងជាតិនិយម ដើម្បីទាញប្រជាប្រិយភាពឱ្យសោះ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើឡើងតាមឆន្ទៈរបស់ប្រជាជនទូទាំងប្រទេសតែប៉ុណ្ណោះ។ ហើយការសម្រេចចិត្តឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់បរទេសជិតខាង គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីការពារអធិបតេយ្យភាព ទឹកដី និងបម្រើឧត្តមប្រយោជន៍របស់កម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលប្រជាពលរដ្ឋបានផ្តល់នូវសេចក្តីទុកចិត្តក្នុងការងារកាច់ចង្កូតនាវាកម្ពុជា។

សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន​ សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច និងនាមខ្ញុំជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បែបជាសម្ងំយកសុខ នៅពេលដែលប្រទេសជាតិជួបនឹងការលំបាកដោយសារតែបរទេសមានបំណងឈ្លានពាន គឺមិនអាចធ្វើទៅរួចនោះទេ។ ដោយឡែកសម្រាប់ស្មារតីជាតិ ស្នេហាជាតិផុសឡើងទូទាំងប្រទេសកម្ពុជា នៅឈរពីក្រោយខ្នងរាជរដ្ឋាភិបាល ក្រោមដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារតែរាជរដ្ឋាភិបាល បំពេញកាតព្វកិច្ចនានា ក្នុងបុព្វហេតុជាតិ បូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាល់វិធានការដែលសម្តេចបានដាក់ចេញ គឺសម្តេចជាអ្នកទទួលខុសត្រូវ ដូច្នេះ សូមមន្ត្រីអនុវត្តទាំងអស់កុំខ្លាចនឹងការអនុវត្តឱ្យសោះ។ ការបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីជាតិ មាតុភូមិ ពីការប្រមាថមើលងាយពីសំណាក់បរទេសជិតតែប៉ុណ្ណោះ៕