(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទម្លាយថា ទាហានថៃធ្លាប់ភ័យហើយរត់ចោលកាំភ្លើងយន្តមួយដើម ប៉ុន្តែត្រូវកងទ័ពខ្មែររើសបាន ហើយហៅទាហានថៃឱ្យមកយកវិញ ព្រោះទាហានខ្មែរជាជាតិសាសន៍ស្លូតត្រង់ នឹងមិនដែលមានគំនិតចង់បានរបស់គេឡើយ។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប។

បើតាមសម្ដេចធីបតីនាយករដ្ឋមន្រ្តី បានបញ្ចាក់ថា ជាធម្មតា កងទ័ពគេងតែងតែបង្រៀនពីការរក្សាការពារអាវុធរបស់ខ្លួន ដោយអាវុធនីមួយៗប្រៀបដូចជាប្រពន្ធអ៊ីចឹង បើសូម្បីតែអាវុធជាប់ខ្លួនបែបនេះក៏ភ្លេចដែរ មានន័យថា អារម្មណ៍ក៏មិននៅជាប់ខ្លួនដែរ ទើបរត់ចោលកាំភ្លើងបែបនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា៖ «ដើរល្បាតចុះឡើងៗ ម្សិលម្ង៉ៃមួយចូលទៅកន្លែងភ្នំខ្មោច ខ្ញុំសួរទៅឯកឧត្តម ស្រី ឌឹក ចូលមកបោះអង្រឹងបោះអី យើងទៅដេញចេញវិញ ឯកឧត្តម ស្រី ឌឹក រាយការណ៍មកថា «ពេលដេញចេញទៅវិញហ្នឹងភ្លេចអាវុធ កាំភ្លើងយន្ត ១ដើម»។ ទាហានគេបង្រៀនតាំងពីថ្ងៃដំបូងថា ត្រូវកាំភ្លើងណាគឺអាហ្នឹងដូចជាប្រពន្ធអ៊ីចឹង ត្រូវជាប់ខ្លួនរហូត តែខ្លួនឯងភ្លេចហើយ បានន័យថា អារម្មណ៍មិននៅក្នុងខ្លួនទេ ដកទៅបាត់ ទុកដាំភ្លើងយន្តមួយដើម។ តែខ្មែរយើងត្រង់ហៅគេមកយកវិញ កម្ពុជាមិនចង់បានរបស់នរណាទេ»

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធ្វើសង្រ្គាមគឺចៀសមិនផុតពីការប្រើប្រាស់ទ័ពថ្មើជើង និងរថក្រោះនោះទេ ដូច្នេះការកំណត់ឈ្នះចាញ់មិនស្ថិតលើសព្វាវុធតែម្យ៉ាងនោះឡើយ។ ទន្ទឹមគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានផ្ដាំផ្ញើថា សូមកុំប្រមាថមកលើកម្ពុជា តាមរយៈការប្រើប្រាស់មធ្យោបាយយោធា ដើម្បីដាក់គំនាបមកកម្ពុជាឱ្យសោះ៕