(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងនូវការគត់ស្គាល់អំពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា នៅពេលបច្ចុប្បន្ននេះបានកើនឡើងខ្ពស់ ដែលបង្ហាញពីការរួបរួមសាគ្គីជាតិជាធ្លុងមួយ។
សម្តេចមហាបវរធិបតីបញ្ជាក់ទៀតថា ការកើនឡើងខ្ពស់នៃជាតិនិយមរបស់កម្ពុជា ព្រោះតែទង្វើរបស់ភាគីថៃ ដែលព្យាយាមអុជអាលពីមួយរឿងទៅមួយរឿង ក្នុងនោះមានមុខព្រួញបី ដែលភាគីបានធ្វើមកលើកម្ពុជា។ ក្នុងនោះរួមមាន ការប្រើចលនាជាតិនិយមបង្កើតជម្លោះជាមួយកម្ពុជា, ប្រើចលនាសេដ្ឋកិច្ចដាក់គំនាបលើកម្ពុជា និងប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងឱកាសសម្តេចអញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប។
សម្តេចបានថ្លែងដូច្នេះថា «ខ្ញុំទទួលស្គាល់ស្មារតីស្នេហាជាតិ ស្រឡាញ់ជាតិរបស់កម្ពុជា របស់ប្រជាជនយើងនៅពេលនេះខ្ពស់ណាស់ សំណួរសួរថាខ្ពស់ដោយសារអ្វី? កើនខ្ពស់មិនមែនដោយសាររាជរដ្ឋាភិបាលបង្កើតល្បិច ដើម្បីញុះប្រជាជន គឺអត់ទេ ! ជាតិនិយមកម្ពុជា ដែលឡើងខ្ពស់បែបនេះ មិនមែនកម្ពុជាជាអ្នកបង្កើតទេ ម្ខាងទៀតជាអ្នកបង្កើត [ថៃ] មុខព្រួញបីដែលគេបានធ្វើ។ ទី១ គឺការប្រើប្រាស់ស្មារីតជាតិនិយម បំផុតជាតិនិយម ដើម្បីកេងចំណេញនយោបាយនៅក្នុងប្រទេសថៃ ដែលរាលមកដល់កម្ពុជា។ ទី២ ការព្យាយាមប្រើប្រាស់សេដ្ឋកិច្ច ជាអាវុធដើម្បីលាបពណ៌ ដាក់មកយើង និងទី៣ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីចង់ដាក់គំនាបមកលើកម្ពុជា»។
ត្រង់ចំណុចទី១ សម្តេចបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៥មក ភាគីថៃបង្កើតចលនាជាតិនិយម រឿងកោះគត់ ប្រាសាទមាន់ ប្រាសាតាក្របី ជាដើម ដោយថាជារបស់ពួកគេ តាមរយៈផែនទីគូសឯកតោភាគីរបស់ខ្លួន ដើម្បីជាការតតាំងផ្ទៃក្នុងនយោបាយថៃ ប៉ុន្តែបានប៉ះពាល់ដល់កម្ពុជា ដោយឈានដល់ដេញប្រជាពលរដ្ឋកម្ពុជា មិនឱ្យច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ។
ចំពោះចំណុចទី២ គឺការប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ ដោយសារការគំរាមកម្ពុជា ដូចជាការគំរាមផ្តាច់ភ្លើង ផ្តាច់អ៉ឺនធឺណិត ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ជាដើម។ ចំណែកទី៣ គឺការប្រើប្រាស់យោធា ដោយការចូលមកបាញ់ទាហានកម្ពុជាពលីម្នាក់ នៅតំបន់មុំបី រួមទាំងការបិទច្រកព្រំដែនជាឯកតោភាគី យកហេតុផលការពារសន្តិសុខ ជាដើម។ ត្រង់ចំណុចនេះ សម្តេចបវរធិបតីសង្កត់ធ្ងន់ថា «វាមិនដែលកើតរឿងនៅមុំ៣ បែរជាដើរបិទព្រំដែន ក្រោមហេតុផលការពារសន្តិសុខនោះទេ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាជាតិនិយមរបស់កម្ពុជា គឺដើម្បីតែការពារជាតិ ការពារទឹកដី ការពារអធិបតេយ្យជាតិរបស់ខ្លួនប៉ុណ្ណោះ៕