(បាត់ដំបង)៖ លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ និងគោលការណ៍របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចការព្រំដែន ត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ និងគោលការណ៍របស់រាជរដ្ឋាភិបាលពាក់ព័ន្ធកិច្ចការព្រំដែន ត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាកខេត្តបាត់ដំបង។
ក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុក និងកងកម្លាំងក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាច្រើនរូប។
ក្នុងឱកាសនោះលោក សុខ លូ មានប្រសាសន៍ថា ប្រជាពលរដ្ឋ និងកម្លាំងទាំងអស់គឺបានបង្ហាញការគាំទ្រជានិច្ចរាល់ការសម្រេចរបស់រាជរដ្ឋាភិបាលតែងតែគិតគូរជាប់ជាប្រចាំក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។
ព្រមទាំង បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា និងរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំជានិច្ច។
ឆ្លៀតក្នុងឱកាសនោះលោក កែវ វណ្ណថន បានលើកទឹកចិត្តដល់កងកម្លាំងទាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងត្រូវចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផ្សេងៗទាក់ទងនឹងបញ្ហាព្រំដែន។
លោកបានកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់កងកម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចការពារបូរណភាពទឹកដី៕
បន្ទាប់ពីការសំណេះសំណាល និងពាំនាំនូវប្រសាសន៍ណែនាំផ្តាំផ្ញើរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួចមកលោករដ្ឋលេខាធិការ និងប្រតិភូ អញ្ជើញត្រួតពិនិត្យ កងកម្លាំង មធ្យោបាយ សម្ភារ យុទ្ធោបករណ៍ ដែលកំពុងត្រៀមបម្រុងសម្រាប់ប្រើប្រាស់ក្នុងកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិច្ចការពារនូវបូរណ ភាពទឹកដី ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
គណៈអធិបតី បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ ទឹកបរិសុទ្ធមួយចំនួន ជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអង្ករចំនួន ២,០០០គីឡូក្រាម (ពីរពាន់គីឡូក្រាម) របស់លោក សុខ លូ អភិបាលខេត្ត ដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបានបែង ចែកនិងប្រើប្រាស់ក្នុងអង្គភាព៕