(ភ្នំពេញ)៖ កិត្ដិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះលោក សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងបុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ ដែលត្រូវជាម្តាយបង្កើត។
ក្នុងលិខិតរំលែកទុក្ខ បានសរសេរថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្តាយជាពន់ពេកនូវដំណឹងដ៏ក្រៀមក្រំ អំពីមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រលាញ់បំផុតរបស់លោក បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១២ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៩៖២៥នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសេចក្តីទុក្ខសោកដ៏សែនក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខជាមួយ លោក និងបុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារ ដោយក្តីស្រណោះអាឡោះ អាល័យ និងសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕