(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធី មីទ្ទិញអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៦៖៣០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ដើម្បីឱ្យការប្រារព្ធពិធីមីទ្ទិញខាងលើ ប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង០៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទ ដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕