(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសអំពីលទ្ធផលកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

គណៈកម្មការនេះមានក្រុមការងារចំនួន២ ជាសេនាធិការគឺ៖ (១) ក្រុមការងារកិច្ចការច្បាប់ និង (២)ក្រុមការងារកិច្ចការការទូត។

ភារកិច្ចសំខាន់ៗរបស់គណៈកម្មការមានដូចជា៖ (១)ពិនិត្យ និងសម្រេច ជ្រើសរើសមេធាវីអន្តរជាតិតាមសំណើក្រុមការងារកិច្ចការច្បាប់ (២)ពិនិត្យ និងសម្រេច លើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់ បញ្ជូនទៅតុលាការ ICJ (៣)ពិនិត្យ និងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការទូត (៤) ទំនាក់ទំនងការងារជាមួយតុលាការ ICJ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការបញ្ជូនករណីវិវាទលើ តំបន់ទាំងបួនទៅតុលាការ ICJ និង (៥) ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការICJ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យ រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការ ICJ ។

នេះជាកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការនេះ ដើម្បីពិភាក្សាករណីវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី បន្ទាប់ពីត្រូវបាន បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ និងក្រោយពីកម្ពុជា បានជូនព័ត៌មានទៅតុលាការ ICJ អំពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទ ព្រំដែនលើតំបន់ទាំង៤ តាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចប្រជុំបានផ្លាស់ប្តូរ យោបល់លើបច្ចុប្បន្នភាពការងារដែលបាន និងកំពុងអនុវត្ត ក្នុងដំណើរការនីតិវិធីជាមួយតុលាការ ICJ និងពិភាក្សាអំពីការកំណត់យុទ្ធសាស្ត្រ និងផែនការការងារបន្តទៅមុខ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលបានដាក់ចេញ៕