(បន្ទាយមានជ័យ)៖ មកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាដែលទៅធ្វើការនៅប្រទេសថៃ បានត្រឡប់មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតវិញ មានចំនួនប្រមាណជា ២៥០ទៅ៣០០នាក់ ក្នុងមួយថ្ងៃ ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ថា បើគិតមកទល់ថ្ងៃនេះ បន្ទាប់ពីមានបញ្ហាព្រំដែនរវាង កម្ពុជា​-ថៃ ពលករខ្មែរដែលបានត្រឡប់មកវិញ មានចំនួនសរុបប្រមាណជា ២០០០នាក់។

ដោយឡែក ប្រជាពលរដ្ឋដែលបានទៅធ្វើការរកស៊ី នៅតាមព្រំដែនថៃ (ផ្សារលុងក្លឿ) មានចំនួនប្រមាណ ៣៥០០តូប និងប្រជាពលរដ្ឋខ្មែរប្រមាណ ៦០០០នាក់ដែលជាម្ចាស់តូប។ នេះបើតាមការបញ្ជាក់របស់ លោកអភិបាលខេត្តបន្ទាយមានជ័យ។

បើតាមលោក អ៊ំ រាត្រី, ក្រោយមានការឆ្លងដែនរបស់ទាហានថៃចូលមកបាញ់សម្លាប់យុទ្ធជនខ្មែរម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា ២០២៥ ភាគីថៃ បានរឹតបន្តឹងការកំណត់ ម៉ោងចេញ-ចូល និងទំនិញជាបន្តបន្ទាប់ដោយឯកតោភាគី។

ក្នុងន័យនេះ លោកអភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា បើទោះបីរជា ភាគីថៃធ្វើសម្ពាធសេដ្ឋកិច្ចដូចជា កាត់អគ្គីសនី កាត់អ៊ីនធឺណិត និងបិទការនាំចូលទំនិញជាច្រើន ប៉ុន្តែកម្ពុជានៅតែឆ្លើយតបដោយភាពរហ័ស និងទន់ភ្លន់ ដើម្បីថែរក្សាកិត្តិយសជាតិ។

ក្រោយ រាជរដ្ឋាភិបាលកម្ពុជាបិទមិនឲ្យនាំចូលបន្លែផ្លែឈើពីថៃមកកម្ពុជា​ ក៏មិនបានធ្វើឲ្យកម្ពុជាមានការខ្វះខាតឡើយ មានតែជួយឲ្យសេដ្ឋកិច្ច និងការលក់ដូររបស់អាជីវករខ្មែរមានការរីកចម្រើន សម្រាប់ខេត្តបន្ទាយមានជ័យវិញ បាននាំចូលបន្លែផ្លែឈើពីទីផ្សារកសិផលនៅខេត្តបាត់ដំបង និងរបស់អាជីវករក្នុងស្រុក។ នេះបើតាមការឲ្យដឹងរបស់ លោក អ៊ំ រាត្រី។

លោក អ៊ំ រាត្រី បន្ថែមថា មិនត្រឹមតែបន្លែផ្លែឈើនោះទេ សូម្បីតែម្ហូបអាហារ ត្រី សាច់ ផ្សេងៗ ក៏នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានការប្រើប្រាស់គ្រប់គ្រាន់ដែរ ជាពិសេសមិនមានប្រជាពលរដ្ឋណារអ៊ូអំពី ទំនិញឡើងថ្លៃនោះទេ។

ក្រៅពីនេះ លោក អ៊ំ រាត្រី បញ្ជាក់ថា ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង រវាងភាគីថៃ-កម្ពុជា ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យបានរៀបចំ ទីសុវត្ថិភាពរួចជាស្រេចសម្រាប់ពលរដ្ឋស្នាក់នៅ និងមានកម្លាំងត្រៀមដឹកជញ្ជូនពលរដ្ឋទៅកាន់ដែនសុវត្ថិភាពដែលឆ្ងាយផុតកន្លែងដែលអាចមានយថាហេតុកើតឡើង។

លោកអភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ជាថ្មីថា សម្រាប់ព័ត៌មាននេះ លោកបានបញ្ជូនទៅកាន់ប្រជាពលរដ្ឋទាំង៥ក្រុង-ស្រុករួចរាល់ និងបានត្រៀមស្បៀង សម្ភារៈ ឧបករណ៍ប្រើប្រាស់ សម្រាប់ស្នាក់នៅ ហូបចុកគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ៕