(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួន៣៤នាក់ ដែលទើបត្រឡប់ពីប្រទេសថៃបានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុងក្រោមការសម្របសម្រួលពី មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង បានឱ្យដឹងថា ពលករទាំង ៣៤រូបដែលមានស្ត្រី ១២នាក់ បានផ្តើមធ្វើការនៅថ្ងៃចន្ទ ទី២៣ នេះ ដោយ៣២នាក់ ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង ខណៈដែលពលករពីររូប ដែលជាប្តីប្រពន្ធទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ដែលមានទីតាំងក្នុង ស្រុកមណ្ឌលសីមា ក្នុងជំនាញកសិកម្ម។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអបអរសាទរទៅដល់បងប្អូនពលករទាំង៣៤រូប ដែលទទួលបានឱកាសការងារភ្លាមៗពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តកោះកុងដែលសម្របសម្រួលជួយផ្គូផ្គងផ្តល់ឱកាសការងានៅកន្លែងតែម្តង។

បើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ ខេត្តកោះកុង មានឱកាសការងារប្រមាណជាង ៧០០០កន្លែង ដែលកំពុងរង់ចាំការដាក់ពាក្យបំពេញការងារ ខណៈដែលកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺននាក់នៅទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលត្រឡប់ពីប្រទេសថៃសូមទាក់ទង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារ ដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់ រាជរដ្ឋាភិបាល៕