(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) ជាលេខាធិការដ្ឋានរបស់សម្ព័ន្ធ ដើម្បីប្រយុទ្ធនិងជំងឺមិនឆ្លងកម្ពុជា (CNCDA) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាប់ផ្ដើមយុទ្ធនាការយល់ដឹងថ្នាក់ជាតិ ស្តីពីការការពារ និងបង្ការពីជំងឺមិនឆ្លង នៅសួនវត្ដបុទុមវតី រាជធានីភ្នំពេញ។

យុទ្ធនាការនេះ ដោយ​មានការសហការ ជាមួយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មន្ទីរសុខាភិបាលរាជធានីភំ្នពេញ អង្គការសង្គមស៊ីវិល និងការចូលរួមពីតំណាងជំងឺមិនឆ្លង ក្រោមប្រធានបទ «ហាត់ប្រាណដើម្បីសុខភាព ការពារហានិភ័យពីជំងឺមិនឆ្លង»

យុទ្ធនាការនេះ បាននាំឱ្យមានការចូលរួមតំណាង នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល មជ្ឍមណ្ឌលជាតិលើកកម្ពស់សុខភាព អង្គការសង្គមស៊ីវិល តំណាងអ្នកកំពុង រស់នៅជាមួយជំងឺមិនឆ្លង តំណាងសហគមន៍ អ្នកជំនាញផ្នែកសុខភាព និងប្រជាពលរដ្ឋទូទៅ ចូលរួមកម្មវិធីលំហាត់ប្រាណ រយៈពេល២ម៉ោង នារសៀលនេះ។

កម្មវិធីនេះ ប្រព្រឹត្តឡើង ក្នុងគោលបំណងផ្តល់ការអប់រំសាធារណៈ និងការចូលរួមនៃសហគមន៍ រួមមាន៖ ធ្វើលំហាត់ប្រាណបែបអេរ៉ូបិច បង្ហាញពីសារៈសំខាន់ នៃការធ្វើលំហាត់ប្រាណ ជាទៀងទាត់ ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លងដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរុំារៃ។

ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការកើនឡើងនៃបន្ទុកពីជំងឺមិនឆ្លងនៅកម្ពុជា និងលើកស្ទួយពីរបៀបរស់នៅ ដែលមានសុខភាពល្អសម្រាប់មនុស្សគ្រប់វ័យ។

ស្ថិតិនៃក្រសួងសុខាភិបាល បានបង្ហាញថា «ជំងឺមិនឆ្លងជាហេតុផល នៃការស្លាប់ច្រើនជាង៦៤% នៃមរណភាពសរុបក្នុងប្រទេស ដោយមានមូលហេតុចម្បងចេញពីរបៀបរស់នៅ អាហារពុំសូវមានសុខភាពល្អ ការប្រើប្រាស់ថាំ្នជក់ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងកង្វះការហាត់ប្រាណ»។

លោក ទឹម វរ៉ា នាយកប្រតិបត្តិអង្គការ HACC បានថ្លែងថា «យើងមានបំណងធ្វើឱ្យសាធារណជន ជាពិសេសយុវជន ចាប់យកនូវទំនួលខុសត្រូវ លើសុខភាពរបស់ខ្លួន តាមរយៈសកម្មភាពសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាព ដូចជាការធ្វើលំហាត់ប្រាណទៀងទាត់ អាហារដែលផ្ដល់នូវសុខភាពល្អ និងការតាមដានសុខភាពជាប្រចាំ»

លោក ទឹម វរ៉ា បានបន្ថែមថា «យុទ្ធនាការនេះ បង្ហាញពីអំណាចនៃសហគមន៍ ក្នុងការការពារជំងឺដែលអាចបង្ការបាន»

សារសំខាន់ៗ ដែលបានផ្សព្វផ្សាយ ក្នុងព្រឹត្តិការណ៍មានដូចជា៖ សារៈសំខាន់នៃការស្វែងរក នៅការពិនិត្យស្ថានភាពនៃជំងឺ ការកាត់បន្ថយការប្រើប្រាស់ស្ករ ខ្លាញ់ និងអំបិល ការឈប់ប្រើប្រាស់ថ្នាំជក់ និងការជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ដែលជាហានិភ័យដល់សុខភាព។

ក្នុងនាមជាអ្នករៀបចំ បានថ្លែងអរគុណដល់ដៃគូភាគីពាក់ព័ន្ធ អ្នកចូលរួម និងសហគមន៍សម្រាប់ការគាំទ្រយ៉ាងខ្លាំង ក្នុងការធ្វើឱ្យយុទ្ធនាការនេះ បានដំណើរការជោគជ័យ។ CNCDA និង HACC ប្តេជ្ញាចិត្ត និងចូលរួមជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីជំរុញការខិតខំប្រឹងប្រែង ក្នុងការការពារ និងការបង្ការហានិភ័យពីជំងឺមិនឆ្លង៕