(តាកែវ-កំពត)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីម ជុងណាម(KIM JUNG NAM) ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ (Global Life Sharing) នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែល លោកប្រធានមូលនិធិ ដឹកនាំគណៈប្រតិជាន់ខ្ពស់ មកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបពិភាក្សាការងារនាពេលនោះ លោក ម៉ម ប៊ុននាង និងលោក គីម ជុងណាម បានចុះអនុស្សារណៈនៃការយោគយល់គ្នា្ ស្តីពីការផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា បន្ថែមលើអនុស្ស រ ណៈដែលបានធ្វើលើកទី១ នៅឆ្នាំ២០២២ និងលើទី២ នៅឆ្នាំ២០២៤។

អនុស្សារណៈបន្ថែមថ្មីនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ជំនួយមនុស្សធម៌ដែលមានជាអាទិ៍ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល តាមរយៈព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋបាលខេត្តតាកែវ និងខេត្តកំពត ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារអាមេរិក សម្រាប់រយៈពេល០៥ឆ្នាំទៅមុខ ដើម្បីចូលរួមលើកកម្ពស់សុខភាព ការអប់រំ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៃខេត្តទាំងពីរឱ្យកាន់តែប្រសើរឡើង។

លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ជំនួបពិភាក្សាការងារ និងការចុះអនុស្សារណៈបន្ថែមនាពេលនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រ និងជាការបោះជំហានថ្មីមួយទៀត សម្រាប់ព្រឹទ្ធសភានៃកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ក្នុងការរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋខេត្តតាកែវ និងខេត្តកំពត។

លោកប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានរំលឹកអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមកថា ចាប់តាំងពីឆ្នាំ២០២២ រហូតមកទល់នឹងពេលនេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ចំនួន១០លើករួចមកហើយ ក្នុងទំហំទឹកប្រាក់ប្រមាណជា ១០លានដុល្លារអាមេរិក។

លោកបន្តថា ជំនួយមនុស្សធម៌ទាំងអស់ គឺត្រូវបានបែងចែកស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ហើយគណៈកម្មការទី១០ បាននាំយកអំណោយមនុស្សធម៌ ទៅប្រគល់ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យជ័យវរ្ម័នទី៧ អាជ្ញាធរ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តកណ្តាលខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ។

ដោយមើលឃើញប្រសិទ្ធភាព តម្លាភាព និងគណនេយ្យក្នុងការគ្រប់គ្រង់ និងការបែងចែកជំនួយមនុស្សធម៌ នៅខែមិថុនា ឆ្នាំ២០២៤មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈផ្តល់ជំនួយមនុស្សធម៌បន្ថែមដល់ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ក្នុងមួយខេត្តទទួលបានជំនួយមនុស្សធម៌ ក្នុងទំហំទឹកប្រាក់ ០៥លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ (២០២៤-២០២៩)។

ក្នុងនាមព្រឹទ្ធសភានៃកម្ពុជា លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គីម ជុងណាម និងសហការី ជាពិសេស មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ ដែលបានខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា ក្នុងការកៀរគរជំនួយមនុស្សធម៌ពីប្រជាជនកូរ៉េ មកជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជា សំដៅរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនខ្សត់ខ្សោយ និងជនងាយរងគ្រោះ ដូចជា កុមារ មនុស្សចាស់ជរា និងជនមានពិការភាពឱ្យបានកាន់តែប្រសើរឡើង។

នៅក្នុងឱកាសនោះ លោក គីម ជុងណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក ម៉ម ប៊ុននាង ព្រមទាំងសមាជិក សមាជិកាគណៈកម្មការទី១០ ព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក ក្នុងការទទួលស្វាគមន៍គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលយ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់មូលនិធិនាពេលកន្លងមក។

លោកប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថាអំណោយមនុស្សធម៌លើកទី១១ បានវេចខ្ចប់រួចរាល់ ហើយនឹងបញ្ជូនមកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាពេល ឆាប់ៗខាងមុខ។

លោកប្រធានរំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនឹងរៀបចំជំនួយមនុស្សធម៌មកកាន់ព្រឹទ្ធសភាកម្ពុជាចំនួន ០៤លើកបន្ថែមទៀត។