(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សុខាភិបាលឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំនាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសទទួលជួបជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ រួមដំណើរដោយ លោក ឡាន់ ឆន អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងក្រុមការងារ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
លោកសាស្ត្រាចារ្យបានថ្លែងទៀតថា មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ គាំទ្រនិងចូលរួមចំណែក ការបណ្តុះបណ្តាលថ្នាក់ឯកទេសជំនាញ និងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែឆាប់រហ័ស។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការបានផ្តល់ជាអំណោយមនុស្សធម៌តាមរយៈព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមានឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីគាំទ្រផ្នែកសុខភាព ក្នុងពេលកន្លងមក។
ជាមួយគ្នានោះលោក គីម ជុងណាម ប្រធានមូលនិធិ បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះកិច្ចពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ជាពិសេស ការគាំទ្រផ្តល់អាហារូបករណ៍សិក្សាបន្តថ្នាក់ឯកទេសជំនាញ ផ្នែកសល្យសាស្ត្រឆ្អឹង និងផ្នែកសល្យសាស្ត្រប្រព័ន្ធប្រសាទ ដល់វេជ្ជបណ្ឌិត ១០រូបក្នុងមួយឆ្នាំ នៅសាធារណរដ្ឋកូរ៉េ។ ជាងនេះទៅទៀតពិភាក្សាអំពីការងាររៀបចំប្រព័ន្ធសង្គ្រោះបន្ទាន់សម្រាប់ជួយពង្រឹងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺ តាមរយៈប្រព័ន្ធ AI ដើម្បីបង្កើនលទ្ធភាពប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន និងពិភាក្សាគម្រោងការងារក្នុងការផ្គត់ផ្គង់ និងចែកចាយឱសថនៅកម្ពុជាផងដែរ។
ក្នុងឳកាសនោះដែរលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែង ស្វាគមន៍យ៉ាងមុនមាំចំពោះកិច្ចសហប្រតិបត្តិការដែលមូលនិធិបានលើកឡើង ដោយសុំជូនការពិភាក្សាលម្អិតជាមួយជំនាញពាក់ព័ន្ធនីមួយៗឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីពិនិត្យលទ្ធភាពក្នុងការអនុវត្តន៍៕