(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានផ្តាំទៅ អគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃថា កំពុងលេងល្បែងកូនក្មេង បោកបញ្ឆោតមតិសាធារណជន ដើម្បីការពារ និងបិទបាំងនូវភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីថៃខ្លួនឯង។ នេះបើតាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ នៅរាត្រីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មកកាន់បណ្ដាញព័ត៌មាន Fresh News។
ការលើកឡើងរបស់លោក ជា ធីរិទ្ធ បែបនេះដើម្បីឆ្លើយតបនិង លោក Somkid Chueakong អគ្គលេខាធិការរង នាយករដ្ឋមន្រ្តីថៃ ដែលបានប្តឹងសម្តេចតេជោ រឿងសំឡេងសន្ទនារវាងសម្តេច និងនាយករដ្ឋមន្រ្តីថៃនាពេលថ្មីៗនេះ។
អ្នកនាំពាក្យសម្ដេចតេជោ លោក ជា ធីរិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្តាំទៅ Somkid Chueakong អគ្គលេខាធិការរង នាយករដ្ឋមន្ត្រីថៃ ដែលប្តឹងសម្តេចតេជោ រឿងសំឡេងសន្ទនារវាងសម្តេចនិងនាយករដ្ឋមន្រ្តីថៃថា លោកឯងកំពុងលេងល្បែងកូនក្មេង បោកបញ្ចោតមតិសាធារណជនខ្លួន ដើម្បីការពារ និងបិទបាំងនូវភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្ត្រីលោកឯងតែប៉ុណ្ណោះ។ សូមអញ្ជើញលោកឯងប្តឹង ហើយបើចិត្តសឿង កុំអុងអាត់ប្តឹងត្រឹមតែនៅក្នុងប្រទេសថៃ ប្តឹងទៅតុលាការអន្តរជាតិទៀតផងទៅ! សូមអញ្ជើញ! តែខ្ញុំដឹងមាយាទរបស់ក្រុមលោកឯងមិនហ៊ានទេ ទៅតុលាការអន្តរជាតិអីនោះ ព្រោះក្រុមលោកឯងខ្លាចច្បាប់អន្តរជាតិណាស់ ម្យ៉ាងនៅញ័រមិនទាន់បាត់ផងរឿងកម្ពុជាប្តឹងទៅ ICJ នោះ»។
ជាមួយគ្នាលោក ជា ធីរិទ្ធ ក៏បានផ្ដាំទៅ Temeeyaves មេបក្ស Seri Ruam Thai ដែលបានដាក់ពាក្យបណ្តឹង លើសម្ដេចតេជោ ហ៊ុន សែន ក្នុងពេលជាមួយគ្នានេះថា៖ «ជាអ្នកនយោយបាយធន់អន់ កុំចង់តោងយកប្រជាប្រិយភាពរបស់សម្តេចតេជោ ដើម្បីទាក់ទាញការចាប់អារម្មណ៍អី ទៅមិនរួចទេ ព្រោះលោកឯង ធ្វើនយោបាយប្រជាភិថុតិ ខ្លាំងបានតែរឿងឌិតបោកប្រាស់ប៉ុណ្ណោះ»៕