(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ហោះវីដេអូសកម្មភាពសម្តេចចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅក្នុងខេត្តព្រះវិហារ។

ជាមួយការបង្ហោះវីដេអូសកម្មភាពនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចថា សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្កនូវការលំបាកដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុងតំបន់ប្រយុទ្ធគ្នា។

សម្តេចមហាបវរធិបតី បានគូសរំលេចបន្ថែមថា កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែក៏មិនអាចឈរឱបដៃឱ្យគេបំពានបានដែរ៕