(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅអគារស វិមានរដ្ឋចំការមន នឹងបើកកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ កិច្ចប្រជុំពេញអង្គទាំង៣ រួមមាន៖

*ការចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
*ការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ ៣ឆ្នាំ លើកទី១០
(២០២៥-២០២៨)
*ការផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សូមជម្រាបថា កន្លងទៅនេះ គឺនៅរសៀលថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មីចំនួនបីរូប មានលោក យូ ប៊ុនឡេង តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក យក់ ង៉ុយ ជ្រើសតាំងដោយរដ្ឋសភា និង លោកស្រី ខែក កែមាលី សុីសូដា តែងតាំងដោយព្រះមហាក្សត្រ បានធ្វើសច្ចាប្រណិធាននៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

ជាមួយគ្នានេះ​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានប្រកាសពីការចប់អាណត្តិរបស់លោកហើយ ក្រោយកាន់តំណែងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ ៣ឆ្នាំ លើកទី៩ (ពីខែមិថុនា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២៥)៕