(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក សុក ខា អនុប្រធាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឋានៈស្មើ រដ្ឋលេខាធិការ ត្រូវជាឪពុកក្មេក និងឪពុកបង្កើតរបស់ សម្តេច។
តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចសភាធិការធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវក្តីតក់ស្លុតរន្ធត់ចិត្ត ឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតថា លោក សុក ខា អនុប្រធាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឋានៈស្មើ រដ្ឋលេខាធិការ ត្រូវជាឪពុកក្មេក និងឪពុកបង្កើតរបស់ សម្តេចមហាមន្ត្រី និងលោកស្រី បានទទួលមរណភាពនៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖៥៥នាទី ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»។
សម្តេចសភាធិការធិបតី បានបន្ដទៀតថា ក្នុងបរិយាកាសដ៏សែនវិយោគសោកសង្រេងរែងស្រណោះអាឡោះអាល័យជាពន់ពេកប្រមាណ ប្រកបដោយសមានទុក្ខដ៏ធំធេង យើងខ្ញុំទាំងអស់គ្នា សូមធ្វើអភិវន្ទនកិច្ចចូលរួមរំលែកនូវមរណទុក្ខដ៏មហា ក្រៀមក្រំនេះ ដោយសេចក្តីសោកសង្វេគជាទីបំផុត ព្រោះថាមរណភាពរបស់លោក សុក ខា គឺជាការ បាត់បង់នូវ ឪពុកក្មេក ឪពុកបង្កើត ជីតា និងជីតាទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយ ព្រហ្មវិហារធម៌ដ៏បវរប្រពៃ។ កន្លងមក លោក សុក ខា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការរួម ចំណែកដឹកនាំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឱ្យសម្រេចបាននូវស្នាដៃដ៏ធំធេង សមិទ្ធផល នានា និងការរីកចម្រើនឥតឈប់ឈរ និងជាងនេះទៅទៀត លោក សុក ខា ជាកុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានលះបង់ខ្ពស់ចំពោះបុព្វហេតុបម្រើ «ជាតិ សាសនា ព្រះមហាក្សត្រ»។
ជាថ្មីម្ដងទៀត សម្តេចសភាធិការធិបតី ឃួន សុដារី បានបន្ថែមទៀតថា ក្នុងវេលាប្រកបដោយក្តីក្ដុកក្ដួលរំជួលចិត្តនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោក សុក ខា សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕